(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃចន្ទនេះបានឱ្យដឹងថារដ្ឋាភិបាលទីក្រុងតូក្យូ កំពុងត្រៀមប្រកាសភាពអាសន្នមួយសម្រាប់កោះ Okinawa ដោយសារតែ ការកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។

បើតាមសារព័ត៌មានជប៉ុន Mainichi ការប្រកាសណាមួយអាចនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ ហើយវាអាចនឹងក្លាយជាការប្រកាសភាពអាសន្នជាលើកដំបូង ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅមក ជាពេលជប៉ុនលុបចោលការប្រកាសភាពអាសន្នទាំងលក្ខណៈទាំងស្រុង និងមួយផ្នែក។ Mainichi បន្ថែមថា ការប្រកាសភាពអាសន្នសម្រាប់កោះ Okinawa នឹងមានលក្ខណៈមួយផ្នែក ពោលគឺមិនមែនជាការប្រកាសអាសន្នបន្ទាន់ទាំងស្រុងនោះទេ ដោយវិធានការដែលនឹង ត្រូវដាក់ចេញក្នុងនោះរួមមានការកំណត់រយៈពេលនៃការបើកដំណើរការអាជីវកម្មប្រចាំថ្ងៃ ដូចជាភោជនីយដ្ឋាន និងក្លឹបរាត្រីជាដើម។

គួរបញ្ជាក់ថា ចំនួនអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានកើនឡើងលើស ១,០០០ករណី ជាលើកដំបូងក្នុងរយៈពេល ៣ខែកន្លងមកនេះ ដោយក្នុងនោះមាន ២២៥ករណី ត្រូវបានរាយការណ៍នៅកោះ Okinawa ដែលបានក្លាយជាតំបន់មួយរងគ្រោះធ្ងន់ជាងគេដោយសារ COVID-19 នៅក្នុងប្រទេសជប៉ុន៕