(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៨៦១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងខាងលើ មាន៣២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២,៤៩៩ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៦៦៤ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Khánh Hòa មានចំនួន៧៩៧ករណី, ខេត្ត Bình Định ចំនួន៦០៨ករណី និងខេត្ត Tây Ninh ចំនួន៩១៦ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២២៤នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៨០០,៧០៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៤១៣,៣៨៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៣,២៤៥នាក់៕