(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) នៅថ្ងៃអង្គារនេះ បានដាក់ចេញនូវអាទិភាពចម្បងៗរបស់លោក សម្រាប់ឆ្នាំថ្មី២០២២នេះ ដោយក្នុងនោះវីរុសបំប្លែងថ្មី COVID-19 គឺ Omicron ត្រូវបានចាត់ទុកជា បញ្ហាប្រឈមដ៏ធំបំផុតមួយ ដែលប្រទេសជាតិលោកកំពុងតែប្រឈម។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

លោក គីស៉ីដា បាននិយាយថា ជប៉ុននឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីត្រៀមទប់ទល់ លទ្ធភាពនៃការកើនឡើងនូវករណីឆ្លងរបស់ Omicron ហើយកំពុងមានគោលដៅដាក់ចេញឱ្យបាន នូវការប្រើប្រាស់ថ្នាំលេបប្រឆាំង COVID-19 របស់ក្រុមហ៊ុន Pfizer នៅទូទាំងប្រទេស នាខែក្រោយនេះ បន្ថែមពីលើការប្រើប្រាស់ថ្នាំរបស់ក្រុមហ៊ុន Merck។ ទន្ទឹមគ្នា បើតាមលោក គីស៉ីដា នៅសប្តាហ៍ក្រោយ រដ្ឋាភិបាលជប៉ុនក៏នឹងធ្វើការសម្រេចចិត្ត ពាក់ព័ន្ធវិធានការគ្រប់គ្រងព្រំប្រទល់ផងដែរ។

មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តីជប៉ុន ក៏នឹងលុបចោលវិញនូវ គម្រោងទស្សនកិច្ចទៅក្រៅប្រទេស ដែលគ្រោងធ្វើឡើង មុនការចាប់ផ្តើមបើក សម័យប្រជុំសភាជប៉ុន នៅថ្ងៃទី១៧ ខែមករានេះថែមទៀតផង ដើម្បីផ្តោតសំខាន់ទៅលើការរៀបចំ ចំណាត់ការប្រឆាំងការរាតត្បាតនៃជំងឺ COVID-19។

គួរបញ្ជាក់ថា ករណីឆ្លងវីរុសបំប្លែងថ្មី Omicron សរុបចំនួន៩៩៣ករណី ត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុន គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ក្នុងនោះមាន២៩៥ករណី ត្រូវបានចាត់ទុកជាករណីឆ្លងក្នុងសហគមន៍ បើយោងទៅតាមទិន្នន័យរបស់ក្រសួងសុខាភិបាលជប៉ុន៕