(ប៉េកាំង)៖ យានអវកាស Tianwen-1 របស់ប្រទេសចិន ទើបតែបានថតរូបភាព selfie ពីគន្លងគោចរជុំវិញភពព្រះអង្គារ រួចបាញ់បញ្ជូនមកដល់ភពផែនដីវិញ ខណៈដែលមនុស្សលោកលើភពផែនដី ទើបតែឈានចូលឆ្នាំថ្មីឆ្នាំសកល ២០២២។ នេះបើតាមការដកស្រង់ចេញពី សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០២២។

រូបថត selfie និងរូបថតភពអង្គារ ដែលត្រូវបានបង្ហាញថ្មីៗនេះ គឺត្រូវបានថតដោយកាមេរ៉ាជាប់យានអវកាស Tianwen-1 ផ្ទាល់ និងកាមេរ៉ាហោះមួយទៀត ដែលបេសកកម្ម Tianwen-1 ទុកប្រើប្រាស់ ដើម្បីផ្តិតយកទិដ្ឋភាពផ្កាយរណបនេះ គោចរក្នុងគន្លងជុំវិញភពអង្គារផ្ទាល់តែម្តង។ បើតាមរដ្ឋបាលអវកាសចិន (CNSA) បានបញ្ជាក់ឲ្យដឹងថា រូបភាពទាំងអស់នេះត្រូវបានថតពីលើ តំបន់ប៉ូលខាងជើងភពអង្គារ និងអាចឲ្យយើងមើលឃើញនូវតំបន់ ដែលមានកាតឹបទឹកកកផងដែរ។

គួរបញ្ជាក់តាម CNSA ទៀតថា នៅក្រោយពេលដែលកាមេរ៉ាហោះតូចនោះ ផ្តិតរូបភាពរួចរាល់ វានឹងផ្ញើរូបទាំងនោះទៅកាន់ផ្កាយរណប Tianwen-1 តាមរយៈសេវា WiFi។ វាត្រូវបានចាត់ទុកថា ជារូបភាពដ៏កម្រ និងមិនធ្លាប់ត្រូវបានអង្គការអវកាសណាធ្វើនោះឡើយ នៅក្នុងការថតរូបផ្កាយរណបមួយ កំពុងគោចរពីលើភពអង្គារពិតៗបែបនេះ បើទោះបីជាគុណភាពរូបភាព នៅមានកម្រិតក្តី៕