(ប៉េកាំង)៖ ស្របពេលនៃការប្រកាសគាំទ្រ ចំពោះការសម្រេចចិត្តដោយ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ៥ គឺ សហរដ្ឋអាមេរិក រុស្ស៊ី បារាំង អង់គ្លេស និងចិនផ្ទាល់ ក្នុងការទប់ស្កាត់ឲ្យបាននូវសង្គ្រាមនុយក្លេអ៊ែរ និងការរត់ប្រណាំងសព្វាវុធនោះ ទីក្រុងប៉េកាំងក៏បានអះអាងផងដែរថា ខ្លួននឹងបន្តធ្វើទំនើបកម្ម ក្បាលគ្រាប់នុយក្លេអ៊ែរទៅមុខទៀត ហើយសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ីគួរតែបោះជំហានមុន ក្នុងកាត់បន្ថយអាវុធនុយក្លេអ៊ែរនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នារសៀលថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

លោក ហ្វូ កុង (Fu Cong) អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងអាវុធ នៅឯក្រសួងការបរទេសចិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា «សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី នៅតែតំណាងឲ្យ ៩០% នៃចំនួនក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ ដែលមាននៅលើភពផែនដីនេះ។ ពួកគេត្រូវតែកាត់បន្ថយក្បាលគ្រាប់នុយក្លេអ៊ែរ ទៅតាមលក្ខណៈដែលស្របច្បាប់ និងមិនឲ្យអាវុធនុយក្លេអ៊ែរទាំងនោះ អាចយកមកប្រើការវិញបាន»

ជុំវិញការចោទប្រកាន់ និងសន្និដ្ឋានពីសំណាក់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះថា ប្រទេសចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែរ យ៉ាងហោចណាស់ ៧០០គ្រាប់នៅឆ្នាំ២០២៧ និង ១,០០០គ្រាប់នៅឆ្នាំ២០៣០នោះ លោក Fu Cong បានលើកឡើងថា «ការចោទប្រកាន់នានា ដែលត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិកថា ចិនកំពុងតែបង្កើនចំនួនក្បាលគ្រាប់់ (នុយក្លេអ៊ែរ) យ៉ាងច្រើនសម្បើមបែបនោះ គឺមិនមែនជាការពិតទេ។ ចិនតែងតែរក្សាជានិច្ច នូវគោលនយោបាយ មិនប្រើប្រាស់នុយក្លេអ៊ែរមុន ហើយយើងក៏រក្សាសមត្ថភាព អាវុធនុយក្លេអ៊ែរដែលយើងមាន ឲ្យស្ថិតនៅក្នុងកម្រិតតិចតួច សម្រាប់តែការពារសន្តិសុខជាតិរបស់យើងប៉ុណ្ណោះ»

មន្ត្រីជាន់ខ្ពស់ចិនខាងលើនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រទេសចិននឹងបន្តធ្វើទំនើបកម្ម អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយឈរលើមូលដ្ឋានសុវត្ថិភាព និងការជឿទុកចិត្ត។ អាវុធនុយក្លេអ៊ែរ គឺជម្រើសចុងក្រោយបំផុត, ហើយពួកវាមិនមែនទុកសម្រាប់ធ្វើសង្គ្រាម និងប្រយុទ្ធគ្នានោះទេ...»។ ទីក្រុងប៉េកាំងក៏បានច្រានចោលផងដែរ ចំពោះការសន្និដ្ឋានថា ចិនអាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្បែរតំបន់ច្រកសមុទ្រតៃវ៉ាន់នោះ។

គួរបញ្ជាក់ថា ការឆ្លើយតបពីសំណាក់ចិនខាងលើនេះ បានកើតមានឡើងបន្ទាប់ពី បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ៥ ដែលត្រូវជាសមាជិកអចិន្ត្រៃយ៍ (P5) នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិបានសន្យា តាមរយៈសេចក្តីថ្លែងការណ៍រួម ដ៏កម្របំផុតមួយថា ពួកគេនឹងទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ និងបញ្ចៀសឱ្យបាននូវរាល់ជម្លោះ ឬសង្រ្គាមនុយក្លេអ៊ែរ ប្រឈមមុខនឹងភាពតានតឹងសព្វថ្ងៃរវាងលោកខាងលិច និងលោកខាងកើត។

នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ៥ រួមមាន ចិន, បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងជឿជាក់យ៉ាងមុតមាំថា ការរីកសាយអាវុធនុយក្លេអ៊ែរ ត្រូវតែទប់ស្កាត់នៅពេលអនាគត។ គ្មាននរណាម្នាក់អាចឈ្នះ នៅក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយក៏មិនត្រូវឱ្យសង្រ្គាមបែបនេះ កើតឡើងនោះដែរ»

ប្រទេសមហាអំណាចទាំង ៥ ខាងលើនេះក៏បានប្តេជ្ញាផងដែរ ក្នុងការរំសាយចោលទាំងស្រុងនូវ «អាវុធបរមាណូ» ជាប្រភេទអាវុធធ្លាប់ត្រូវបានប្រើប្រាស់ ដោយសហរដ្ឋអាមេរិក ក្នុងការទម្លាក់គ្រាប់បែកលើប្រទេសជប៉ុន កាលពីសម័យសង្គ្រាមលើកទីពីរ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគអន្តរជាតិបានមើលឃើញថា ភាពពិតជាក់ស្តែង នៃការរំសាយអាវុធនុយក្លេអ៊ែរ គឺពិបាកនឹងទៅរួចណាស់ ខណៈបច្ចុប្បន្ននេះ មហាអំណាចកំពូលៗលើលោក សុទ្ធតែកំពុងដំឡើងសាច់ដុំដាក់គ្នា តាមគ្រប់មធ្យោបាយ៕