(ប៉េកាំង)៖ អនុរដ្ឋមន្រ្តីការបរទេសចិន លោក ម៉ា ចាវស៊ូ (Ma Zhaoxu) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានសាទរសេចក្តីថ្លែងការណ៍រួម របស់ក្រុមមេដឹកនាំនៃប្រទេសអំណាចនុយក្លេអ៊ែរទាំង៥ គឺចិន បារាំង រុស្ស៉ី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ស្តីពីការទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ និងការបញ្ជៀសការរត់ប្រណាំងសព្វាវុធ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

លោក ម៉ា បានកត់សម្គាល់ថា «វាគឺជារឿងដ៏កម្រមួយ ដែលមេដឹកនាំនៃប្រទេសទាំង៥ខាងលើ ដែលជាសមាជិកអចិន្ត្រៃយ៍ទាំង៥ (P5) នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) បានចេញសេចក្តីថ្លែងការណ៍រួមបែបនេះ ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ។ ការធ្វើយ៉ាងដូច្នេះ បានបង្ហាញឲ្យឃើញពី ឆន្ទៈផ្នែកនយោបាយរបស់ពួកគេ ក្នុងការទប់ស្កាត់សង្រ្គាមនុយក្លេអ៊ែរ ហើយវាក៏ស្តែងឱ្យឃើញពីសំឡេងរួមមួយផងដែរ ក្នុងការសំដៅរក្សាស្ថិរភាពផ្នែកយុទ្ធសាស្រ្តនៅលើសកលលោក និងកាត់បន្ថយហានិភ័យនៃជម្លោះអាវុធនុយក្លេអ៊ែរ»

លោកអនុរដ្ឋមន្រ្តីការបរទេសចិនបានបន្តថា «ក្រុមប្រទេស P5 មានការទទួលខុសត្រូវរួមគ្នា ដើម្បីរារាំងកុំឱ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ព្រមទាំងការពារសន្តិភាពរបស់ពិភពលោក។ ប្រទេសទាំង៥ គួរតែយកសេចក្តីថ្លែងការណ៍រួមនេះ ធ្វើជាចំណុចចាប់ផ្តើមថ្មី ដើម្បីលើកកម្ពស់ការជឿទុកចិត្តគ្នាទៅវិញទៅមក, ពង្រឹងការសម្របសម្រួល, និងដើរតួនាទីវិជ្ជមានក្នុងការស្ថាបនាពិភពលោកមួយ ដែលមានសន្តិភាពយូរអង្វែង និងសន្តិសុខរួម»

គួរបញ្ជាក់ថា បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ បានសន្យាថា នឹងទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ និងបញ្ចៀសឱ្យបាននូវរាល់ជម្លោះ ឬសង្រ្គាមនុយក្លេអ៊ែរ នៅក្នុងសេចក្ដីថ្លែងការណ៍រួមដ៏កម្រមួយ ប្រឈមមុខនឹងភាពតានតឹងសព្វថ្ងៃរវាងលោកខាងលិច និងលោកខាងកើត។

នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ចិន, បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងជឿជាក់យ៉ាងមុតមាំថា ការរីកសាយអាវុធនុយក្លេអ៊ែរ ត្រូវតែទប់ស្កាត់នៅពេលអនាគត។ គ្មាននរណាម្នាក់អាចឈ្នះ នៅក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយក៏មិនត្រូវឱ្យសង្រ្គាមបែបនេះ កើតឡើងនោះដែរ»