(ប៉េកាំង)៖ ប្រជាជនប្រមាណ ១.១៧លាននាក់នៅក្នុងទីក្រុង យូចូវ (Yuzhou) ភាគកណ្តាលប្រទេសចិន ត្រូវបានអាជ្ញាធរបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 មិនចេញរោគសញ្ញាចំនួន ៣ករណីត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

ទីក្រុង យូចូវ នៃខេត្តហឺណា (Henan) បានប្រកាសបិទខ្ទប់ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយប្រជាជនទាំងអស់ ត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដើម្បីបញ្ចៀសការឆ្លងវីរុស COVID-19។ បន្ថែមពីនេះ អាជ្ញាធរថ្នាក់តំបន់នានា ក៏ត្រូវបានបង្គាប់ឲ្យរឹតបន្តឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងលើច្រកចេញចូលផងដែរ។ ការប្រកាសបិទខ្ទប់ទីក្រុង Yuzhou ខាងលើនេះមានន័យថា សេវារថយន្តក្រុង និងតាក់ស៊ី, ផ្សារទំនើប, សារមន្ទីរ និងទីកន្លែងទេសចរណ៍នានា នៅក្នុងទីក្រុងនេះ ត្រូវតែបិទដំណើរការជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះ ប្រទេសចិនបានប្រកាសពីការរកឃើញ ករណីវិជ្ជមាន COVID-19 ចំនួន ១៧៥ករណីថ្មីទៀត នៅក្នុងនោះ ៥ករណីត្រូវបានរាយការណ៍ ចេញពីខេត្ត Henan ភាគកណ្តាលប្រទេស ខណៈ ៩៥% នៃករណីឆ្លងថ្មីៗនេះ ត្រូវបានរកឃើញនៅក្នុងទីក្រុង ស៊ីអាន (Xi'an) របស់ខេត្ត សានស៊ី (Shaanxi) ដែលកំពុងស្ថិតនៅក្នុងការបិទខ្ទប់ជិត ២សប្តាហ៍មកហើយ។

គិតចាប់តាំងពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ទីក្រុង Xi'an បានរកឃើញករណីវិជ្ជមាន COVID-19 រហូតដល់ទៅជាង ១,៦០០ករណីហើយ និងត្រូវបានចាត់ទុកជាការផ្ទុះ ករណីឆ្លងធ្ងន់ធ្ងរ បន្ទាប់ពីបានស្ងប់ស្ងាត់់អស់ជាច្រើនខែ។ កាលពីថ្ងៃចន្ទកន្លងទៅនេះ ចិនក៏បានប្រកាសពីការដកមន្ត្រីជាន់ខ្ពស់ពីររូបចេញពីតំណែងផងដែរ នៅក្នុងទីក្រុង Xi'an ដើម្បីពង្រឹងការទប់ស្កាត់ជំងឺ COVID-19៕