(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានសម្តែងការស្វាគមន៍យ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ដោយមេដឹកនាំ នៃបណ្តាប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលត្រូវជាសមាជិកអចិន្ត្រៃយ៍ទាំង ៥ (P5) នៃក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីទប់ស្កាត់ឲ្យបាននូវ «សង្គ្រាមនុយក្លេអ៊ែរ»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍ចេញផ្សាយដោយលោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) អ្នកនាំពាក្យនៃអគ្គលេខាធិការ UN បានគូសបញ្ជាក់នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ថា «លោកអគ្គលេខាធិការ (Antonio Guterres) ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួម ដោយបណ្តារដ្ឋនុយក្លេអ៊ែរ ទៅលើការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងការរត់ប្រណាំងសព្វាវុធ»

គួរបញ្ជាក់ថា បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ៥ បានសន្យាថា នឹងទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ និងបញ្ចៀសឱ្យបាននូវរាល់ជម្លោះ ឬសង្រ្គាមនុយក្លេអ៊ែរ នៅក្នុងសេចក្ដីថ្លែងការណ៍រួមដ៏កម្រមួយ ប្រឈមមុខនឹងភាពតានតឹងសព្វថ្ងៃរវាងលោកខាងលិច និងលោកខាងកើត។

នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ៥ រួមមាន ចិន, បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងជឿជាក់យ៉ាងមុតមាំថា ការរីកសាយអាវុធនុយក្លេអ៊ែរ ត្រូវតែទប់ស្កាត់នៅពេលអនាគត។ គ្មាននរណាម្នាក់អាចឈ្នះ នៅក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយក៏មិនត្រូវឱ្យសង្រ្គាមបែបនេះ កើតឡើងនោះដែរ»