(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលនៃសហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានអនុម័តឲ្យប្រើប្រាស់ហើយ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 «ដូសជំរុញ» របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ក្មេងៗអាយុ ១២ឆ្នាំ ហើយក៏បានកាត់បន្ថយគម្លាតសម្រាប់ការចាក់វ៉ាក់សាំង «ដូសជំរុញ» នេះពី ៦ខែ មកនៅត្រឹម ៥ខែវិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។

ការសម្រេចដោយរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិកខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលវីរុស COVID-19 បំប្លែងថ្មី Omicron កំពុងជំរុញសន្ទុះនៃការឆ្លងរាតត្បាតកាន់តែអាក្រក់ នៅទូទាំងសហរដ្ឋអាមេរិក ខណៈសិស្សានុសិស្សរាប់លាននាក់ កំពុងត្រឡប់ទៅសាលារៀនវិញ ក្រោយពីបានបញ្ចប់វិស្សមកាលឆ្លងឆ្នាំរួចរាល់។

បន្ថែមពីខាងលើនេះទៀត FDA ក៏បានអនុម័តដោយមានលក្ខខណ្ឌ ចំពោះវ៉ាក់សាំង Pfizer-BioNTech «ដូសជំរុញ» សម្រាប់កុមារអាយុចន្លោះពី ៥ឆ្នាំ ដល់ ១១ឆ្នាំ ដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ និងមានជំងឺប្រចាំកាយ ឬជាអ្នកដែលធ្លាប់បានទទួលការវះកាត់ប្តូរសរីរាង្គជាដើម។

គួរបញ្ជាក់តាមស្ថានប័ន FDA របស់សហរដ្ឋអាមេរិកបានអះអាងថា ខ្លួនបានពឹងផ្អែកទៅលើទិន្នន័យសុវត្ថិភាព ដែលទទួលបានពីក្រុមអ្នកវិទ្យាសាស្ត្រ នៃរដ្ឋាភិបាលអ៊ីស្រាអែល ដែលនៅទីនោះក្មេងជំទង់អាយុចាប់ពី ១២ឆ្នាំ ដល់ ១៥ឆ្នាំ រាប់ពាន់នាក់រួចទៅហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នេះ៕