(បាកដាដ)៖ ប្រមុខកងជីវពលមួយនៅក្នុងប្រទេសអ៉ីរ៉ាក់ បាននិយាយថា ការវាយប្រហារដោយយន្ដហោះដ្រូន សម្លាប់មេបញ្ជាការយោធាអ៉ីរ៉ង់ លោក កាសិម សូឡៃមេនី (Qassem Soleimani) និងអនុប្រធានកងជីវពល ហាសដ៍ ហ្សាអាប៊ី (Hashd Shaabi) គឺលោក អាប៊ូ ម៉ាហ៍ឌី អាល់ មូហាន់ឌីស (Abu Mahdi al-Muhandis) គឺជាបុព្វហេតុមួយជំរុញឱ្យមានការដកកងទ័ពបរទេស ចេញពីប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

លោក ហ្វាលីហ៍ អាល់ ហ្វាយ៉ាដ (Falih al-Fayadh) ជាប្រមុខកងជីវពលអ៉ីរ៉ាក់ Hashd Shaabi បានធ្វើការអះអាងបែបនេះ នៅក្នុងបាតុកម្មវ៉ាមួយរបស់ក្រុមអ្នកគាំទ្រកងជីវពលរបស់លោក នៅឯអាកាសយានដ្ឋានក្នុងទីក្រុងបាកដាដ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ លោក al-Fayadh បានបញ្ជាក់ថា ការធ្វើឃាតលោក Qassem Soleimani និងលោក Abu Mahdi al-Muhandis បានជំរុញឱ្យមានការទាមទារ ឱ្យកងទ័ពបរទេសដកចេញពីប្រទេសអ៉ីរ៉ាក់ ដោយមិនមានការពន្យារពេល។

បាតុកម្មតវ៉ាខាងលើ កើតមានឡើងនៅចំថ្ងៃរំលឹកខួប ២ឆ្នាំ នៃការវាយប្រហារដោយយន្ដហោះដ្រូនរបស់សហរដ្ឋអាមេរិក លើក្បួនរថយន្ដរបស់លោក Soleimani និងលោក al-Muhandis នៅក្បែរអាកាសយានដ្ឋានទីក្រុងបាកដាដ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។ ក្រោយការវាយប្រហារដែលបានផ្ដាច់ជីវិតអ្នកទាំង ២នាក់នេះបាន ២ថ្ងៃ សភាជាតិអ៉ីរ៉ាក់ បានអនុម័តដំណោះស្រាយមួយ ដោយតម្រូវឱ្យកងទ័ពបរទេស ដកចេញពីប្រទេសអ៉ីរ៉ាក់។

រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១, ទើបនាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ កាឌីមី (Mustafa al-Kadhimi) បានទទួលស្គាល់ថា បេសកកម្មប្រយុទ្ធរបស់ក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក បានបិទបញ្ចប់ហើយ នៅក្រោយកងទ័ពប្រយុទ្ធបរទេសទាំងនេះ ត្រូវបានដកចេញពីប្រទេសអ៉ីរ៉ាក់៕