(បាកដាដ)៖ សារព័ត៌មានក្នុងស្រុករបស់អ៊ីរ៉ាក់ ត្រូវបានដកស្រង់នៅថ្ងៃចន្ទនេះថា យន្តហោះដ្រូនមិនស្គាល់ប្រភពចំនួន ២គ្រឿង ត្រូវបានប្រព័ន្ធការពារដែនអាកាសអាមេរិក បាញ់កម្ទេចប្រកបដោយជោគជ័យ ដោយពួកវាត្រូវបានគេជឿជាក់ថា មានគោលដៅវាយប្រហារទៅលើមូលដ្ឋាន វិចតូរី (Victory Base) ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាល្ងាចថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

យោងតាមរូបភាពមួយចំនួន ដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម គេបានឃើញកម្ទេចកម្ទីយន្តហោះដ្រូន ដែលត្រូវបានប្រព័ន្ធការពារដែនអាកាសអាមេរិក បាញ់ទម្លាក់ផងដែរ។ នៅលើស្លាបរបស់យន្តហោះដ្រូនទាំងពីរ ២គ្រឿងនោះមានសរសេរពាក្យ ដែលត្រូវបានបកប្រែថា «ការសងសឹកជូនមេដឹកនាំ» និង «ការសងសឹកជូនលោក សូឡៃមេនី (Soleimani)»។

គួរបញ្ជាក់់ថា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ គឺជាខួបពីរឆ្នាំគត់ នៃការស្លាប់របស់មេទ័ពកំពូលអ៊ីរ៉ង់លោក កាសិម សូឡៃមេនី (Qasem Soleimani) និងមេដឹកនាំកងជីវពលនៅប្រទេសអ៊ីរ៉ាក់ម្នាក់ទៀត។ ពួកគេបានស្លាប់ ដោយសារតែការវាយប្រហារពីសំណាក់ យន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក៕