(ញូដេលី)៖ នៅថ្ងៃចន្ទនេះ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យក្រុមក្មេងៗអាយុចន្លោះ១៥-១៨ឆ្នាំ ចំពោះមុខក្តីបារម្ភខ្លាចក្រែងថា វីរុសបំប្លែងថ្មី Omicron អាចនឹងបង្កឱ្យកើនឡើងជាថ្មីនូវករណីឆ្លង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

នៅថ្ងៃដំបូងនេះ ក្មេងៗឥណ្ឌាដែលស្ថិតនៅក្រុមអាយុខាងលើ និងភាគច្រើនអមដំណើរដោយឪពុកម្តាយរបស់ពួកគេ បាននាំគ្នាតម្រៀបជួរនៅតាមមណ្ឌលចាក់វ៉ាក់សាំង ដើម្បីទទួលការចាក់ដូសទី១។ វ៉ាក់សាំង COVID-19 ដែលរដ្ឋាភិបាលឥណ្ឌាប្រើប្រាស់ ដើម្បីចាក់ឱ្យពួកគេ គឺវ៉ាក់សាំង Covaxin របស់ក្រុមហ៊ុនឥណ្ឌា Bharat Biotech។ ចំណែកមនុស្សពេញវ័យនៅឥណ្ឌាវិញ គឺទទួលបានការចាក់វ៉ាក់សាំង Covaxin នេះ រួមជាមួយវ៉ាក់សាំង AstraZeneca (ហៅថា Covishield នៅក្នុងប្រទេសឥណ្ឌា) ហើយនិងវ៉ាក់សាំង Sputnik V របស់រុស្ស៉ី។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសមួយចំនួន រួមមានទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង បានមើលឃើញការឆ្លងរាតត្បាតក្នុងចំណោមក្មេងៗ ជំរុញឱ្យអត្រាករណីឆ្លងកើនឡើងជាខ្លាំង ហើយបានទទូចឱ្យឪពុកម្តាយនាំកូនៗពួកគេ ទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ យោងតាមការការប៉ាន់ប្រមាណរបស់អង្គការ UNICEF ឥណ្ឌាមានចំនួនក្មេងៗវ័យជំទង់ច្រើនជាងគេ នៅលើពិភពលោក គឺប្រហែល២៥៣លាននាក់។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ អាជ្ញាធរសុខាភិបាលឥណ្ឌា បានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន ៣៣,៧៥០នាក់ និងស្លាប់១២៣នាក់។ រីឯចំនួនករណីសរុបនៃវីរុសបំប្លែងថ្មី Omicron វិញ ដែលរកឃើញនៅក្នុងប្រទេសឥណ្ឌា គឺបានកើនដល់ ១,៧០០នាក់។ មកទល់ពេលនេះ មនុស្សជាង ៦០៧លាននាក់ ក្នុងចំណោមប្រជាជនឥណ្ឌាជាង១.៣ពាន់លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ដើម្បីប្រឆាំងនឹងជំងឺ COVID-19៕