(ប៉េកាំង)៖ «មិនបាច់សង្ស័យឡើយ ប្រជាជនចិនបានទទួលអបអរឆ្នាំថ្មីដោយទឹកចិត្តសប្បាយរីករាយ»។ បន្ទាប់ពីស្តាប់សុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល២០២២ របស់លោក Xi Jinping ប្រធានរដ្ឋចិនរួច លោក Bazanov ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវបញ្ហាអន្តរជាតិបច្ចុប្បន្ន នៃវិទ្យាស្ថានការទូតរបស់ក្រសួងការបរទេសរុស្ស៊ី បានវាយតម្លៃដូចពោលខាងលើ។

លោក Robert Kuhn ប្រធាននៃមូលនិធី Kuhn របស់អាមេរិកបានលើកឡើងថា ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានរៀបរាប់ពីរឿងរ៉ាវរបស់លោកស្តីពី ការដើរចូលទៅក្នុងផ្ទះរបស់ប្រជាជនជាច្រើន និងស្តាប់យ៉ាងល្អិតល្អន់នូវសំឡេងរបស់ប្រជាជន ដែលពាក់ព័ន្ធនឹងបណ្ហាលំបាកនិងតម្រូវការដ៏ចាំបាច់ ប្រការនេះគួរឱ្យលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងណាស់។

អនុលោមតាមទំនៀមទម្លាប់របស់ចិន ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល មុនពេលថ្ងៃចូលឆ្នាំថ្មីឆ្នាំសកលជារៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវការសួរសុខទុក្ខ ទៅកាន់ប្រជាជនទាំងក្នុងនិងក្រៅប្រទេស។ ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ លោកប្រធានរដ្ឋចិន Xi Jinping បានរំលឹកឡើងវិញនូវសំឡេង គ្រានិងរឿងរ៉ាវនៃប្រទេសចិនដែលមិនអាចបំភ្លេចបាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយបានកោតសរសើរចំពោះវីរបុរសសាមញ្ញរាប់មិនអស់ ដែលបាននិងកំពុងខិតខំតស៊ូព្យាយាម ហើយលោកក៏បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានឆ្លងកាត់ «ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជានិមិត្តសញ្ញា»

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំមួយដែលមានចំនួនប្រជាជនជាង ១.៤ពាន់លាននាក់ ប្រទេសចិនធ្វើការងាររបស់ខ្លួនឱ្យបានល្អ គឺជាការរួមចំណែកធំបំផុតរបស់ចិនចំពោះពិភពលោក។ ដោយឡែកនៅឆ្នាំ២០២១ ការរួមចំណែកនេះមានភាពលេចធ្លោយ៉ាងខ្លាំង។

ក្នុងរយៈពេលមួយឆ្នាំដែលទើបបានកន្លងផុតទៅ ប្រទេសចិនបានរៀបចំនិងចាត់ចែងតាមបែបវិទ្យាសាស្ត្រ នូវការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ហើយសេដ្ឋកិច្ចចិនបានឈានមុខគេនៅទូទាំងពិភពលោក។ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២១ តម្លៃផលិតផលក្នុងស្រុកសរុបរបស់ចិន បានកើនឡើង ៩.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមួយ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញនិងនាំចូលសរុបរបស់ចិន បានលើសពី ៣៥ទ្រីលានប្រាក់យាន់ចិន ដែលបានកើនឡើង ២២ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន ហើយបានលើសពីកម្រិតពេញមួយឆ្នាំនៃឆ្នាំមុន។ល។ ប្រទេសចិននឹងបន្តក្លាយជា «ម៉ាស៊ីនលំនឹង» នៃកំណើនសេដ្ឋកិច្ចពិភពលោក និងបំពេញបំន្ថែមកម្លាំងចលករសម្រាប់ការអភិវឌ្ឍជាសកល។

មធ្យោបាយល្អបំផុតសម្រាប់រំលឹកប្រវត្តិសាស្ត្រ គឺបង្កើតប្រវត្តិសាស្ត្រថ្មី។ សម្លឹងមើលឆ្នាំ ២០២២ ពិភពលោកទន្ទឹងរង់ចាំប្រទេសចិន រីឯប្រទេសចិនវិញក៏បានត្រៀមខ្លួនរួចរាល់ហើយផងដែរ។

ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់នូវ «ពហុភាគីនិយមពិតប្រាកដ» ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវប្រព័ន្ធអន្តរជាតិ ដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល និងគាំពាររបៀបរៀបរយអន្តរជាតិ ដែលតម្កល់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ដើម្បីរួមចំណែកជាផែនការចិន សម្រាប់ដោះស្រាយសំណួររបស់ពិភពលោក។

ឆ្នាំ២០២២ ប្រទេសចិននឹងធ្វើការតស៊ូដល់ទីបំផុត រីកចម្រើនយ៉ាងផុលផុស ដើម្បីឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ជាមួយនឹងពិភពលោក!