(ប៉េកាំង)៖ ថ្ងៃទី០១ ខែមករា នៃឆ្នាំ២០២២ កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ RCEP បានចូលជាធរមានជាផ្លូវការ ដែលជាសញ្ញាកត់សម្គាល់ថា តំបន់ពាណិជ្ជកម្មសេរី ដែលមានចំនួនប្រជាជនច្រើនបំផុត មានទំហំសេដ្ឋកិច្ចនិងពាណិជ្ជក្មមធំបំផុត និងមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុត នៅលើពិភពលោកបានបង្កើតឡើងជាផ្លូវការ។

កិច្ចព្រមព្រៀង RCEP បានគ្របដណ្តប់ប្រជាជនចំនួន២.២ពាន់លាននាក់ នៅទូទាំងពិភពលោក និង៣០ភាគរយនៃផលិតផលក្នុងស្រុក សរុបនៅទូទាំងពិភពលោក។ ប្រទេសដែលបានអនុញ្ញាតឱ្យ កិច្ចព្រមព្រៀងនេះចូលជាធរមានមុនគេ រួមមានប្រទេសអាស៊ានចំនួន៦ ប្រទេសចិន ជប៉ុន នូវែលសេឡង់ និងអូស្ត្រាលី។ ក្រៅពីនេះ កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈ ខាងមុខ។ បច្ចុប្បន្ន «ក្តីរំពឹងទុក» បានក្លាយជាគោលបំណងរួមរបស់ហគ្រាសក្នុងតំបន់នេះ។

បន្ទាប់ពីកិច្ចព្រមព្រៀង RCEP ត្រូវអនុញ្ញាតឱ្យចូលជាធរមាន ក្នុងតំបន់នេះនឹងមានទំនិញចំនួនលើសពី៩០ភាគរយ អាចសម្រេចបាននូវពន្ធសូន្យជាសន្សឹមៗ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀង RCEP ក៏មានការកំណត់ពាក់ព័ន្ធលើវិស័យពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ កម្មសិទ្ធិបញ្ញានិងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម សន្ទស្សន៍គ្រប់ផ្នែកសុទ្ធតែមានកម្រិតឈានមុខគេ នៅលើផ្ទៃអន្តរជាតិ គឺជាកិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពទំនើបនិងគុណភាពខ្ពស់ ដែលបានបង្ហាញឱ្យឃើញយ៉ាងពេញលេញ នូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ប្រព័ន្ធសារព័ត៌មានអាស៊ានបានវាយតម្លៃថា កិច្ចព្រមព្រៀង RCEP គឺជា «ក្បាលម៉ាស៊ីនដើម្បីជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់»។ សន្និសីទពាណិជ្ជកម្មនិងការអភិវឌ្ឍ នៃអង្គការសហប្រជាជាតិ បានសម្គាល់ឃើញថា កិច្ចព្រមព្រៀង RCEP នឹង «បង្កបង្កើតជាចំណែកសំខាន់ថ្មីនៃពាណិជ្ជកម្មសកល»។

បើនិយាយចំពោះប្រទេសចិន ការអនុវត្តកិច្ចព្រមព្រៀង RCEP ជា «និមិត្តសញ្ញាថ្មី» នៃការបើកទូលាយចំពោះបរទេស ដែលបានសម្រេចបាននូវពាក្យសន្យាយ៉ាងមុតមាំ ស្តីពីការបើកទូលាយចំពោះបរទេសជាបន្តបន្ទាប់។ ការអនុវត្តនិងចូលជាធរមាន នៃកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យប្រទេសចិនវិវឌ្ឍរីកចម្រើន ទៅខាងមុខថែមមួយកម្រិតទៀតលើ ផ្លូវនៃការបើកទូលាយជាប្រព័ន្ធរបប ហើយបានក្លាយជាចំណងនិងស្ពានសម្រាប់ឱ្យប្រទេសចិន តភ្ជាប់ជាមួយដំណើរវិលជុំទាំងជាតិនិងអន្តរជាតិ។ ប្រការដែលកាន់តែសំខាន់ជាងនេះ គឺការអនុវត្តនិងចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP បានបង្ហាញឱ្យឃើញនូវក្តីបំណងយ៉ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ ក្នុងការគាំទ្រកិច្ចសហប្រតិបតិ្តការ ប្រកបដោយភាពបើកទូលាយនិងពាណិជ្ជកម្មសេរី គឺជាជ័យជម្នះរបស់ពហុភាគីនិយម ក្នុងការប្រជែងជាមួយការពារនិយម ។

ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ប្រទេសចិនបានឈរនៅជាមួយប៉ែកត្រឹមត្រូវនៃប្រវតិ្តសាស្ត្រជាប់ជានិច្ច គាំពារពហុភាគីនិយមយ៉ាងមុតមាំ ប្រកាន់ខ្ជាប់សមភាពនិងយុត្តិធម៌ ហើយបាននិងកំពុងក្លាយជាដែគូរបស់ប្រទេសកាន់តែច្រើនឡើងៗ នៅតាមផ្លូវអភិវឌ្ឍន៍។

យោងតាមកិច្ចព្រមព្រៀង RCEP ចូលជាធរមាននិងត្រូវបានអនុវត្ត នៅពេលអនាគត ប្រទេសចិននឹងប្រើប្រាស់ឱ្យបានកាន់តែល្អ នូវឧត្តមភាពនៃទីផ្សារដ៏ធំធេង និងសក្តានុពលតម្រូវការក្នុងស្រុក រួមសហការជាមួយដៃគូក្នុងតំបន់ ដើម្បីពង្រីកទំហំសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យសហគ្រាសកាន់តែច្រើនឡើងៗ អាចចែករំលែកកាលានុវត្តភាពទីផ្សាររបស់ចិន ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ អាចទទួលបាននូវផលប្រយោជន៍ជាក់ស្តែង ក៏ដូចជាផ្តល់កម្លាំងរស់រវើកនិងកម្លាំងចលករជាបន្តបន្ទាប់សម្រាប់ ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកល។ កិច្ចព្រមព្រៀង RCEP គួរជាទីរំពឹងទុកនៅពេលអនាគត!