(ហុងកុង)៖ សារព័ត៌មានអនឡាញឯករាជ្យ Citizen News ក្នុងទីក្រុងហុងកុង បានប្រកាសថានឹងបិទទ្វារចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះតទៅ ដោយសារភ័យខ្លាចពី បរិយាកាសដ៏អាក្រក់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីធានាសន្តិសុខដល់បុគ្គលិករបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

ការប្រកាសបិទអាជីវកម្មរបស់សារព័ត៌មាន Citizen News ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍ផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍ នេះដដែលបានបញ្ជាក់ដូច្នេះថា «វាជារឿងគួរឱ្យសោកស្ដាយជាទីបំផុត, ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៅក្នុងសង្គម និងបរិយាកាសកាន់តែអាក្រក់សម្រាប់ ប្រព័ន្ធផ្សព្វផ្សាយ បានធ្វើឱ្យពួកយើងមិនមានសមត្ថភាពសម្រេចឱ្យបាននូវគោលដៅរបស់យើងដោយមិនមានការភ័យខ្លាចនោះឡើយ។ ដូច្នេះនៅចំពោះមុខ វិបត្តិនេះ យើងមានតែសម្រេចចិត្តធ្វើមុនគេ នោះគឺធានាសុវត្ថិភាពដល់បុគ្គលិករបស់យើង»

គួរបញ្ជាក់ថា ការសម្រេចចិត្តបិទទ្វាររបស់សារព័ត៌មាន Citizen News កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអតីតនិពន្ធនាយកជាន់ខ្ពស់ ២រូប មកពីសារព័ត៌មានអនឡាញហុងកុង Stand News ត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទសមគំនិតក្នុងការចេញផ្សាយអត្ថបទដែលមានលក្ខណៈញុះញង់ឱ្យមានការបះបោរប្រឆាំងរដ្ឋអំណាច៕