(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៨៥,១២២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៦,១៤២,១៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤៧,៤០៨នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.៥៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បាននិយាយថា ចំនួនអ្នកជំងឺ COVID-19 ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ អាចនឹងកើនឡើងជាថ្មី ដោយសារតែចំនួនករណីឆ្លងដ៏ច្រើនសន្ធឹកសន្ធាប់ បើទោះជាទិន្នន័យបឋមជាច្រើនបង្ហាញថា មេរោគបំប្លែងថ្មី Omicron មិនសូវជាមានភាពកាចសាហាវក៏ដោយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥០៨លានដូស ក្នុងនោះប្រជាជន ២៤៣.៥២លាននាក់ (៧៣.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០៤.២២លាននាក់ (៦២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦៨.៧លាននាក់ (២០.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕