(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថាចំនួនអ្នកជំងឺ COVID-19 ចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យអាចនឹងកើនឡើងជាថ្មី ដោយសារតែចំនួនករណីឆ្លងដ៏ច្រើនសន្ធឹកសន្ធាប់ បើទោះជាទិន្នន័យបឋមជាច្រើនបង្ហាញថាមេរោគបំប្លែងថ្មី Omicron មិនសូវជាមានភាពកាចសាហាវក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ លោក Fauci បានបញ្ជាក់ដូច្នេះថា «រឿងដ៏ពិបាក នោះគឺប្រសិនបើអ្នកមើលឃើញការកើនឡើងករណីឆ្លងដ៏ច្រើនសន្ធឹកសន្ធាប់ នោះអត្រាចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក៏នឹងមានការកើនឡើងដូចគ្នាដែរ បើទោះជាអត្រាអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យដោយសារ Omicron នៅមានកម្រិតទាបជាងមេរោគបំប្លែងថ្មី Delta ក៏ដោយ ហើយដែលនេះអាចនឹងបន្ថែមបន្ទុកលើប្រព័ន្ធសុខាភិបាល»

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រង (CDC) មេរោគបំប្លែងថ្មី Omicron ត្រូវបានគេវាយតម្លៃថាបានគ្របដណ្ដប់ ៥៨.៦ភាគរយ នៃមេរោគបំប្លែងថ្មីទាំងអស់ដែលមាននៅក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១​កន្លងទៅនេះ៕