(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) ថាសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅក្នុងករណីដែលរុស្ស៊ីប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២១។

ការធានាខាងលើរបស់លោក បៃដិន ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Zelenskiy កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីជំនួបតាមទូរស័ព្ទរវាងលោក បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បិទបញ្ចប់ទៅដោយគ្មានភាពរីកចម្រើន និងមានតែការព្រមាន
ដាក់គ្នាទៅវិញទៅមក។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានឱ្យដឹងថានៅក្នុងជំនួបជាមួយលោក Zelenskiy លោក បៃដិនបានបញ្ជាក់ យ៉ាងច្បាស់ថាអាមេរិក និងសម្ពន្ធមិត្ត រួមទាំងប្រទេសជាដៃគូនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែនមែននោះ។ លោកស្រីបន្ថែមថាមេដឹកនាំនៃប្រទេសទាំង២ ក៏បានពិភាក្សាគ្នាផងដែរពីការត្រៀមលក្ខណៈនានសម្រាប់កិច្ចចរចាតាមផ្លូវការទូត ដើម្បីដោះស្រាយវិបត្តិ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក និងរុស្ស៊ី គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំមួយដែលប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមករានេះ នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស មុននឹងមានកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-NATO ព្រមទាំងកិច្ចប្រជុំនៃអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អឺរ៉ុប៕