(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) បានបង្ហើបឲ្យដឹងថា លោកបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 ជាមួយនឹងអការៈរោគស្រាល ខណៈលោកកំពុងសម្រាកធ្វើចត្តាឡីស័កនៅផ្ទះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយនៅយប់ថ្ងៃអាទិត្យ ទី០២ ខែមករា (ម៉ោងនៅវ៉ាស៊ីនតោន) លោក Austin ក៏បានបញ្ជាក់ផងដែរថា លោកអាចនឹងចូលរួមកិច្ចតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងសប្តាហ៍ថ្មីនេះ ទៅតាមកម្រិតដែលលោកអាចធ្វើទៅបាន។

រដ្ឋមន្ត្រីការពារជាតិរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានជូនដំណឹងអំពីការធ្វើតេស្តវិជ្ជមានរបស់ខ្ញុំ ទៅកាន់ថ្នាក់ដឹកនាំ ក៏ដូចជាលោកប្រធានាធិបតី (ចូ បៃដិន) រួចរាល់ហើយ។ បុគ្គលិករបស់ខ្ញុំ បានចាប់ផ្តើមទទួលការធ្វើតេស្ត ហើយអ្នកដែលធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ នៅអំលុងពេលមួយសប្តាហ៍ចុងក្រោយនេះ ក៏ត្រូវបានណែនាំឲ្យធ្វើតេស្តដូចគ្នា»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងពេលលេញ ហើយក៏បានចាក់ «ដូសជំរុញ» រួចរាល់ផងដែរកាលពីខែតុលា ឆ្នាំ២០២១។ យ៉ាងណាក៏ដោយលោក Austin នៅតែឆ្លៀតពេលនេះ ជំរុញឲ្យពលរដ្ឋអាមេរិកកាំង ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង «ដូសជំរុញ» នៅពេលពួកគេគ្រប់លក្ខខណ្ឌដែលត្រូវចាក់៕