(វ៉ាស៊ីនតោន)៖ រឿងល្អមួយដែលគេអាចយកមកពិពណ៌នាពីឆ្នាំ២០២១បាន នោះគឺវាជាឆ្នាំមួយដែលមិនអាក្រក់ដូចជាឆ្នាំ២០២០នោះទេ។ តែវាក៏ជាឆ្នាំមួយដែលពោរពេញ ដោយដំណឹងល្អ និងដំណឹងអាក្រក់ផងដែរ។ ខាងក្រោមនេះជាព្រឹត្តិការណ៍សំខាន់ៗទាំង១០ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២១ ហើយមានព្រឹត្តិការណ៍ខ្លះអាចនឹងបន្ត កើតឡើងនៅឆ្នាំ២០២២ ឬនៅពេលអនាគត៖

* ១០៖ កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS៖ នៅថ្ងៃទី១៥ ខែកញ្ញា, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានប្រកាសរួមគ្នាពីការបង្កើតកិច្ចព្រមព្រៀងសន្តិសុខត្រីភាគីថ្មីមួយមានឈ្មោះថា AUKUS។ នៅក្រោមកិច្ចព្រមព្រៀងនេះ អាមេរិក និងអង់គ្លេស នឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ប៉ុន្តែ អូស្ត្រាលីបានលុបចោលគម្រោងទិញនាវាមុជទឹក ដោយដើរម៉ាសូតពីបារាំង ជាហេតុបង្កឱ្យទីក្រុងប៉ារីសផ្ទុះកំហឹង និងចោទប្រកាន់ថាអ្វីដែលប្រទេសទាំង៣ បានធ្វើគឺជា «ទង្វើលួចចាក់សម្ពន្ធមិត្តខ្លួនឯងពីក្រោយខ្នង»។

* ៩៖ វិបត្តិជនអន្តោប្រវេសន៍ធ្វើតេស្ដលើបណ្ដាប្រទេសអ្នកមាន៖ គិតត្រឹមខែតុលា ចំនួនជនអន្តោប្រវេសន៍ចូលក្នុងសហរដ្ឋអាមេរិក ដោយខុសច្បាប់បានកើនដល់ ១.៧លាននាក់ ដែលនេះជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៦០ មក។ ទោះជាមានការសន្យា លោក ចូ បៃដិន នៅតែបន្តដើរតាមគោលនយោបាយមួយចំនួនរបស់ លោក ដូណាល់ ត្រាំ ក្នុងនោះរួមមានទាំងបណ្ដេញជនអន្តោប្រវេសន៍ហៃទីជាដើម ដែលបង្កឱ្យមានការរិះគន់ជាខ្លាំង។

ចំណែក នៅឯសហភាពអឺរ៉ុបវិញ អង់គ្លេស និងបារាំង ក៏មានជម្លោះការទូតនឹងគ្នា ដោយសារបញ្ហាជនអន្តោប្រវេសន៍ផងដែរ ជាមួយការគំរាមដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ខណៈបណ្ដាប្រទេសអឺរ៉ុបខាងកើត ដូចជាលីទុយអានី, ឡេតូនី និងប៉ូឡូញបានចោទប្រកាន់ថាបេឡារុស ដោយមានការគំាទ្រពីរុស្ស៊ី គឺជាអ្នកបើកដៃឱ្យជនអន្តោប្រវេសន៍ សម្រុកចូលមកក្នុងប្រទេសរបស់ពួកគេ ហើយភាពតានតឹងនេះនៅតែបន្តកើតឡើងដដែលមកទល់នឹងពេលនេះ។

* ៨៖ កម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់កាន់តែជឿនលឿនទៅមុខ៖ នៅពាក់កណ្ដាលខែមេសា, មានហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ ហើយអាជ្ញាធរអ៉ីរ៉ង់ បានចោទថាការផ្ទុះនេះគឺជាស្នាដៃរបស់អ៉ីស្រាអែល។ ហេតុការណ៍នេះបានជំរុញឱ្យអ៉ីរ៉ង់ ប្រកាសចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់ ៦០ភាគរយ ដែលជាកម្រិតមួយត្រូវបាន ហាមឃាត់ និងជាជំហានមួយដែលអ៉ីស្រាអែលចោទថាការឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ។

* ៧៖ ខ្សែចង្វាក់ផ្គត់ផ្គង់សកលជាប់គាំង៖ ការឆ្លងរាតត្បាត COVID-19 ពេញមួយឆ្នាំ២០២០ បានបង្កផលប៉ះយ៉ាងខ្លាំងដល់ខ្សែចង្វាក់ផ្គត់ផ្គង់សកល។ ប៉ុន្តែ នៅពេលដែល តម្រូវការប្រើប្រាស់បានកើនឡើងជាថ្មីក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីមានវ៉ាក់សាំងបង្ការ ក្រុមហ៊ុនជាច្រើននៅតែបន្តប្រឈមមុខនឹង ការខ្វះខាតការផ្គត់ផ្គត់ តួយ៉ាងដូចជា នៅសហរដ្ឋអាមេរិក ការជាប់គាំងខ្សែចង្វាក់ផ្គត់ផ្គង់សកលបង្កឡើយដោយ COVID-19 នេះ បានធ្វើឱ្យមានវិបត្តិអតិផរណា។

* ៦៖ ក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន៖ កាលពីឆ្នាំ២០២០, អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមតាលីបង់បានព្រមព្រៀងគ្នាលើ កិច្ចព្រមព្រៀងមួយពាក់ព័ន្ធនឹងការដកទ័ពបរទេសចេញពីអាហ្វហ្កានីស្ថាន នៅមុនថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។ តែក្រោយឡើងកាន់អំណាច, លោកប្រធានាធិបតី
ចូ បៃដិន បានប្រកាសជាថ្មីពីការដកកងទ័ពអាមេរិក ចេញពីអាហ្វហ្កានីស្ថានឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ចំថ្ងៃខួប២០ឆ្នាំនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា។

ខណៈអាមេរិក និងអង្គការ NATO ចាប់ផ្ដើមដកកងទ័ព និងជម្លៀសពលរដ្ឋរបស់ពួកគេ រួមទាំងជនជាតិអាហ្វហ្កានីស្ថានមួយចំនួន កងទ័ពអាហ្វហ្កានីស្ថានវិញបានទម្លាក់ អាវុធសុំចុះចាញ់ ក្រុមតាលីបង់ស្ទើតែគ្រប់សមរភូមិ ហើយនៅថ្ងៃទី១៥ ខែសីហា ក្រុមតាលីបង់ចូលគ្រប់គ្រងទីក្រុងកាប៊ុលទាំងស្រុង និងបានដាក់ឱសានវាទឱ្យ កងទ័ពបរទេស ចាកចេញពីទឹកដីរបស់ពួកគេនៅត្រឹមថ្ងៃទី៣០ ខែសីហា។ ការដួលរំលំរដ្ឋាភិបាលអាហ្វហ្កានីស្ថានគាំទ្រដោយលោកខាងលិច ត្រូវបានក្រុមអ្នកជំនាញ ជាច្រើនអះអាងថាជាបរាជ័យរបស់អាមេរិក តែលោក បៃដិនថាវាជាការបិទបញ្ចប់សង្រ្គាមរុំារ៉ៃ។

* ៥៖ សង្រ្គាមស៊ីវិលនៅអេត្យូពី៖ នាយកដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អះម៉ាត់ (Abiy Ahmed) ទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៩ សម្រាប់ការសម្រេចបាននូវ កិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមជាមួយអេរីត្រេ ដែលជាប្រទេសក្បែរខាង។ មិនយូរប៉ុន្មាន, ២ឆ្នាំក្រោយមក អេត្យូពីបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលវិញម្ដង បន្ទាប់ពី កម្លាំងរណសិរ្សរំដោះប្រជាជនក្នុងតំបន់ Tigray បើកការវាយប្រហារលើមូលដ្ឋានយោធាអេត្យូពី។ មកទល់នឹងពេលនេះ សង្រ្គាមហាក់ដូចជាស្ងប់ស្ងាត់បន្តិច តែផលប៉ះពាល់ ដែលបានកើតឡើងមានទំហំធំធេងដោយមនុស្សជាច្រើននាក់បានស្លាប់ និងប្រជាជនអេត្យូពីជាង ២លាននាក់បានកា្លយជាជនភៀសខ្លួនគេចពីសង្រ្គាម។

* ៤៖ ថ្ងៃដែល «ប្រជាធិបតេយ្យអាមេរិក» ត្រូវបានគេសម្លាប់៖ សហរដ្ឋអាមេរិកដែលគេចាត់ទុកថាជាជើងឯកខាងប្រជាធិបតេយ្យ បានជួបប្រទះឧបសគ្គក្នុងការផ្ទេរអំណាច ដោយសន្តិវិធី ជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ លោក ដូណាល់ ត្រាំ បានច្រានចោលលទ្ធផលបោះឆ្នោតដោយចោទថាមានការលួចបន្លំ ហើយក៏មិនបាន ចូលរួមក្នុងពិធីផ្ទេរតំណែងឱ្យលោក បៃដិន ដើម្បីជានិមិត្តរូបនៃការផ្ទេរអំណាច ដោយសន្តិវិធីនោះឡើយ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏ត្រូវបានគេចោទប្រកាន់ផងដែរថាជា អ្នកញុះញុងឱ្យក្រុមអ្នកគាំទ្ររូបលោក សម្រុកចូលអុកឡុកវិមានសភាជាតិអាមេរិកកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ដើម្បីរារាំងការប្រកាសលទ្ធផលបោះឆ្នោត និងជ័យជម្នះជាផ្លូវការរបស់លោក បៃដិន។

នៅក្នុងភាពចលាចលនៅឯវិមានសភា អំពើហិង្សាជាច្រើនបានផ្ទុះឡើងដោយបណ្ដាលឱ្យមនុស្សយ៉ាងហោច ៥នាក់បានស្លាប់ ហើយវាក៏ជាថ្ងៃមួយដែលគេចាត់ទុកថា «ប្រជាធិបតេយ្យអាមេរិកបានស្លាប់បាត់ហើយដែរ»។

* ៣៖ លោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិក៖ លោក បៃដិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួល ជ័យជម្នះលើលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។ ភ្លាមៗក្រោយឡើងកាន់តំណែង, លោក បៃដិន បានគោរពតាមពាក្យសន្យារបស់ លោក ដោយនាំសហរដ្ឋអាមេរិកត្រឡប់ចូលក្នុង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ និងអង្គការសុខភាពពិភពលោក WHOជាដើម។ ប៉ុន្តែ លោក បៃដិន ត្រូវបានគេមើលឃើញថា នៅតែបន្តដើរតាមនយោបាយមួយចំនួនរបស់លោក ត្រាំ ទាស់ខុសគ្នានៅត្រង់ការអនុវត្តតែប៉ុណ្ណោះ។

* ២៖ មានវ៉ាក់សាំងបង្ការ COVID-19 តែមេរោគបំប្លែងថ្មីបង្ហាញខ្លួនជាបន្តបន្ទាប់៖ មេរោគបំប្លែងថ្មីជាច្រើន ក្នុងនោះរួមមានមេរោគបំប្លែងថ្មី Delta ដែលត្រូវបានគេកំណត់ អត្តសញ្ញាណជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា នៅខែធ្នូ ឆ្នាំ២០២០ គ្របដណ្ដប់ករណីឆ្លង COVID-19 នៅជុំវិញពិភពលោកក្នុងឆ្នាំ២០២១នេះ។ នៅខែវិច្ឆិកា ឆ្នាំ២០២១ ទើប ប្រទេសអាហ្វ្រិកខាងត្បូងបានប្រកាសពី ការរកឃើញមេរោគបំប្លែងថ្មី Omicron ដែលត្រូវបានគេរំពឹងថា អាចនឹងគ្របដណ្ដប់លើករណីឆ្លងនៃមេរោគបំប្លែងថ្មី Delta នៅតាមប្រទេសមួយចំនួនធំនៅឆ្នាំ២០២២។ មេរោគបំប្លែងថ្មីនេះត្រូវបានគេបញ្ជាក់ ក្នុងរបាយការណ៍បឋមថា អាចចម្លងជំងឺលឿនរហ័សជាង Delta តែទំនងជាងមិន
កាចសាហាវខ្លាំងជាង Delta នោះទេ។

* ១៖ បណ្ដាប្រទេសជាច្រើន បរាជ័យក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២១ នេះបានឱ្យដឹងថាមនុស្សជាតិនឹងប្រឈមមុខនឹងគ្រោះមហន្តរាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ប្រសិនបើការបញ្ចេញឧស្ម័នផ្ទះកញ្ចក់មិនត្រូវបានកាត់បន្ថយ ទេនោះ។

នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP-26 ក្នុងទីក្រុង Glasgow កាលពីខែវិច្ឆិកកន្លងទៅនេះ បណ្ដាមេដឹកនាំពិភពលោកបានសន្យាថានឹងដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ តាមរយៈចេញនូវផែនការថ្នាក់ជាតិ ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូងថ្ម ដែលជាប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងធំ៕

ប្រភព៖ CFR (ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១)