(ប៉ារីស)៖ ប្រទេសបារាំងនឹងបន្ធូរបន្ថយវិធានការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយនេះតទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់លើសង្គម និងសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលបារាំង, អ្នកបានចាក់វ៉ាក់សាំង បង្ការគ្រប់ដូសដែលឆ្លង COVID-19 នឹងតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងរយៈពេល ៧ថ្ងៃ ហើយ អាចចាកចេញពីការធ្វើចត្តាឡីស័កក្នុងរយៈពេល៥ថ្ងៃ ប្រសិនបើការធ្វើតេស្ដ PCR បញ្ជាក់លទ្ធផលអវិជ្ជមាន។ ចំណែកឯ អ្នកចាក់វ៉ាក់សាំងគ្រប់ដូសដែលបាន ប៉ះពាល់ ឬមានទំនាក់ទំនងជាមួយអ្នកឆ្លង COVID-19 នឹងមិនត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែពួកគេត្រូវគោរពតាម និងអនុវត្តវិធានការបង្ការការពារនានា និងទទួលការធ្វើតេស្ដជាប្រចាំ តាមការកំណត់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យនេះ នៅក្នុងប្រទេសបារាំង អ្នកឆ្លង COVID-19 ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ ខណៈអ្នកដែលប៉ះពាល់ជាមួយ អ្នកឆ្លងត្រូវធ្វើចត្តាឡីស័កមួយអាទិត្យ ហើយការធ្វើចត្តាឡីស័កនេះទៀតសោតអាចនឹងមានរយៈពេល ១៧ថ្ងៃឯណោះ នៅក្នុងករណីមនុស្សមួយគ្រួសារណាមួយ ឆ្លងជំងឺនេះ៕