(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាជនជាតិកូរ៉េខាងត្បូងម្នាក់ បានលួចរត់ឆ្លងដែនចូលទៅក្នុងទឹកដីកូរ៉េខាងជើង ដែលនេះជា សកម្មភាពកម្រនឹងកើតឡើងបំផុត ខណៈទីក្រុងព្យុងយ៉ាង កំពុងរឹតត្បិតព្រំដែនយ៉ាងតឹងរ៉ឹងទប់ស្កាត់ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២។

បើតាមយោធាកូរ៉េខាងត្បូង ប្រតិបត្តិការតាមស្វែងរកមួយកំពុងធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមនុស្សម្នាក់ត្រូវបានគេប្រទះឃើញនៅឯតំបន់ព្រំដែន រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅម៉ោង ៩៖២០នាទីយប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់ដូច្នេះថា «យើងបាន ទទួលស្គាល់ថាពិតជាមានមនុស្សម្នាក់បានឆ្លងដែននៅម៉ោងប្រហែលជា ១០៖៤០នាទីយប់ (ថ្ងៃសៅរ៍) ចូលទៅក្នុងទឹកដីកូរ៉េខាងជើង»

តែភ្លាមៗមកទល់នឹងពេលនេះ, យោធាកូរ៉េខាងត្បូងមិនបានបញ្ជាក់លម្អិតថាតើមនុស្សម្នាក់ខាងលើជាមនុស្សប្រុស ឬស្រី ឬក៏នៅរស់រាន្តមានជីវិតដែរ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែឱ្យដឹងថាខ្លួនបានជូនដំណឹងដល់ភាគីកូរ៉េខាងជើង តាមរយៈខ្សែទូរស័ព្ទបន្ទាន់ ដើម្បីស្នើសុំការការពារ៕