(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៨៣៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងខាងលើ មាន១៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៧៤៨ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៥៦៩ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Long មានចំនួន១,២២៣ករណី, ខេត្ត Tây Ninh ចំនួន៩៤៧ករណី និងខេត្ត Khánh Hòa ចំនួន៧៨៥ករណី។

ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២១៦នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៧៤៦,០៩២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៣៥៨,២៧៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣២,៦១០នាក់៕