(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានយកឱកាសនៃសុន្ទរកថាអបអរឆ្នាំថ្មីឆ្នាំសកល ២០២២ ដើម្បីផ្ញើសារពិសេសមួយទៅកាន់ទីក្រុងប៉េកាំងថា ជម្លោះយោធាគឺមិនមែនជាដំណោះស្រាយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២។

លោកស្រី Tsai បានថ្លែង តាមរយៈការ Live ក្នុងបណ្តាញសង្គម Facebook ថា «យើងត្រូវតែរំលឹកអាជ្ញាធរទីក្រុងប៉េកាំង មិនឲ្យមានការវាយតម្លៃខុសណាមួយ ទៅលើស្ថានការណ៍នោះឡើយ ហើយក៏ជាការទប់ស្កាត់ការបង្កើន ភាពប្រថុយប្រថានផ្នែកយោធា នៅផ្ទៃក្នុងរបស់ខ្លួនផងដែរ...»

លោកស្រី Tsai បានសង្កត់ធ្ងន់យ៉ាងដូច្នេះទៀតថា «យោធាពិតមិនមែនជាមធ្យោយបាយ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា (រវាងចិន និងតៃវ៉ាន់) នោះឡើយ... ជម្លោះយោធានឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ច... យើងទាំងពីរភាគី គឺត្រូវរួមគ្នារក្សាឲ្យបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់ ប្រកបដោយភាពទទួលខុសត្រូវ»

គួរបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ត្រឹមតែជាតំបន់មួយរបស់ខ្លួនប៉ុណ្ណោះ ដោយយោងទៅលើច្បាប់ និងបទដ្ឋានទំនាក់ទំនងអន្តរជាតិ ជាពិសេសគឺគោលនយោបាយចិនតែមួយ ដែលប្រទេសភាគច្រើនបំផុត នៅលើពិភពលោកគោរពតាម ក្នុងនោះក៏រួមមានទាំងសហរដ្ឋអាមេរិកផងដែរ។

ដោយឡែក ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានថ្លែងនៅរយៈពេល ១ថ្ងៃ មុនចូលឆ្នាំថ្មីឆ្នាំសកល ២០២២ នេះថា ការបង្រួបបង្រួមមាតុភូមិដោយពេញលេញ (រវាងចិន និងតៃវ៉ាន់) គឺជាសេចក្តីប្រាថ្នានៃប្រជាជន ដែលស្ថិតនៅត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់៕