(សេអ៊ូល)៖ យោងតាមការសរុបអត្ថន័យ ចំពោះសុន្ទរកថាគំរប់ខួប ១០ឆ្នាំ នៃការឡើងកាន់អំណាចរបស់លោក គីម ជុងអ៊ុន នោះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានផ្តោតជាសំខាន់តែទៅលើ ចង្វាក់ផលិតកម្មនៃរោងចក្រផលិតត្រាក់ទ័រ និងឯកសណ្ឋានសិស្សតែប៉ុណ្ណោះ ដោយពុំបានលើកឡើងពីអាវុធនុយក្លេអ៊ែរ ឬរឿងរ៉ាវពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកជាសំខាន់ ដូចឆ្នាំមុនៗនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់ចេញពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក គីម ជុងអ៊ុន បានលើកឡើងពីសារសំខាន់ នៃការជំរុញសកម្មភាពអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការជំរុញផែនការអភិវឌ្ឍនៅទីជនបទ ខណៈប្រជាជនជាច្រើនកំពុងប្រឈមនឹងការតស៊ូដ៏លំបាក ដើម្បីរក្សាជីវិតឲ្យរួចផុតពីគ្រោះអត់ឃ្លាន និងសេចក្តីស្លាប់។ ដោយឡែកពីនេះ ការស្លៀកពាក់របស់សិស្សសាលាទាំងអស់ ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដោយសកម្មភាពរបស់ពួកគេ ត្រូវបានណែនាំមិនឲ្យប្រាសចាក ពីបែបបទសង្គមនិយមរបស់កូរ៉េខាងជើងនោះឡើយ។

ប៉ុន្មានឆ្នាំមុននេះ លោក គីម ជុងអ៊ុន ធ្លាប់បានប្រើប្រាស់សុន្ទរកថាឆ្លងឆ្នាំ ដើម្បីប្រកាសចេញនូវគោលនយោបាយចម្បងៗ ដែលខ្លួនចង់សម្រេចឲ្យបាន ជាពិសេសគឺពាក់ព័ន្ធទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ កូរ៉េខាងជើងមិនបានលើកឡើងនោះឡើយ អំពីឈ្មោះសហរដ្ឋអាមេរិក ប៉ុន្តែបានលើកឡើងតិចតួច និងមិនច្បាស់លាស់ អំពីកិច្ចពិភាក្សាពាក់ព័ន្ធទំនាក់ទំនងអន្តរ-កូរ៉េ។

គួរបញ្ជាក់ថា យោងតាមសុន្ទរកថាលោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រ អាចឲ្យអ្នកវិភាគមើលឃើញអំពីវិបត្តិសេដ្ឋកិច្ច ដែលលោក គីម កំពុងជួបប្រទះ នៅក្នុងការដឹកនាំប្រទេសកូរ៉េខាងជើង ខណៈការបិទខ្ទប់ប្រទេសបន្ថែមទៀត ដើម្បីទប់ទល់នឹងជំងឺ COVID-19 បូករួមនឹងទណ្ឌកម្មធ្ងន់ធ្ងរស្រាប់ពីអន្តរជាតិ កាន់តែធ្វើឲ្យប្រទេសអាស៊ីបូព៌ាមួយ នេះ ឯកោខ្លាំងឡើង៕