(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំរុញជាថ្មីឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ធូរបន្ថយភាពតានតឹងជាមួយនឹងអ៊ុយក្រែន បើពុំដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈអាមេរិក និងសម្ពន្ធមិត្តអឺរ៉ុបកំពុងស្វែងរកមធ្យោបាយឆ្លើយតបរួមមួយទៅនឹង

សកម្មភាពយោធារុស្ស៊ី នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

ការព្រមានរបស់លោក បៃដិន ធ្វើឡើងក្នុងជំនួបតាមទូរស័ព្ទ ចាយពេលជាង៥០នាទី ជាមួយលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បើតាមអ្នកនាំពាក្យ សេតវិមាន លោកស្រី Jen Psaki នៅក្នុងកិច្ចសន្ទនានោះដែរ លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត រួមទាំងប្រទេសជាដៃគូ នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នៅក្នុងករណីដែលរុស្ស៊ីប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។

លោកស្រីបន្ថែមទៀតថា វិធានការឆ្លើយតប ក្នុងនោះរួមមានទណ្ឌកម្មសេដ្ឋកិច្ច និងការបង្កើនចំនួនកងទ័ព NATO នៅតាមបណ្ដាប្រទេសជាសមាជិកបក្សសម្ពន្ធ យោធាមួយនេះនៅទូទាំងតំបន់អឺរ៉ុប ក៏ដូចជាបញ្ជូនជំនួយនានាឱ្យអ៊ុយក្រែន រហូតដល់មានសមត្ថភាពការពារខ្លួន និងទឹកដីរបស់ខ្លួនឯង។ ប៉ុន្តែ ឆ្លើយតបទៅនឹង ការព្រមាននេះ មន្ត្រីជាន់ខ្ពស់ម្នាក់នៃវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yuri Ushakov) បានព្រមានបកវិញថាការដាក់ទណ្ឌកម្មណាមួយប្រឆាំងនឹងរុស្ស៊ី គឺជាកំហុសឆ្គងមួយដ៏ធំ ហើយភាគីរុស្ស៊ីសង្ឃឹមថារឿងបែបនេះនឹងមិនកើតឡើងឡើយ។

គួរបញ្ជាក់ថា ជំនួបតាមទូរស័ព្ទរវាងលោក បៃដិន និងលោក ពូទីន គឺជាជំនួបដោយផ្ទាល់ជាលើកទី២ នៅក្នុងខែធ្នូនេះ នៅក្នុងបរិបទដែលរុស្ស៊ីត្រូវបានគេ រាយការណ៍ថាបានដាក់ពង្រាយកងទ័ពដល់ទៅជិត ១០០,០០០នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយសកម្មភាពនេះត្រូវបានក្រុមមន្ត្រីចារកម្មអាមេរិក ចោទថាជាការត្រៀមលក្ខណៈវាយប្រហារលើអ៊ុយក្រែន នៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០២២។ តែទីក្រុងម៉ូស្គូបានបដិសេធការអះអាងបែបនេះ៕