(តែលអាវីវ)៖ ក្រសួងការពារជាតិអ៉ីស្រាអែលនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អ៉ីស្រាអែលបានចុះកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ដើម្បីទិញឧទ្ធម្ភាគចក្រដឹកជញ្ជូនធុន CH-53K ចំនួន១២គ្រឿង ដែលផលិតដោយក្រុមហ៊ុន ឡុកឃីដម៉ាទីន (Lockheed Martin) ហើយនិង យន្តហោះសម្រាប់ចាក់វ៉ាក់សាំងធុន KC-46 ចំនួន២គ្រឿង ដែលផលិតដោយក្រុមហ៊ុន ប៊ូអ៉ីង (Boeing) ក្នុងតម្លៃសរុបប្រហែល ២ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងការពារជាតិអ៉ីស្រាអែល បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយវាក៏រួមមាននូវជម្រើសដើម្បីទិញឧទ្ធម្ភាគចក្រ ៦គ្រឿងបន្ថែមទៀតផងដែរ។ ឧទ្ធម្ភាគចក្រ CH-53K ប៉ុន្មានគ្រឿងដំបូង ត្រូវគេរំពឹងថា នឹងអាចប្រគល់ឱ្យដល់ដៃអ៉ីស្រាអែល នៅខ្ទង់ឆ្នាំ២០២៦។

គួរបញ្ជាក់ថា សម្រាប់យន្តហោះចាក់វ៉ាក់សាំង KC-46 វិញ គឺទំនងជាមិនអាចមកដល់ប្រទេសអ៉ីស្រាអែល នៅមុនឆ្នាំ២០២៥ឡើយ ប៉ុន្តែទីក្រុងតែលអាវីវកំពុងព្យាយាមពន្លឿនការប្រគល់ពួកវា ហើយចង់បានយន្តហោះចាក់សាំងនេះសរុបឱ្យដល់៤គ្រឿង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីស្រាអែល បានលើកឡើងថា យន្តហោះសម្រាប់ចាក់សាំង KC-46 នឹងអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ទៅលើមូលដ្ឋាននុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់៕