(ម៉ានីល)៖ ចំនួនអ្នកស្លាប់បង្កឡើងដោយព្យុះទីហ្វុង រ៉ៃ (Rai) ដែលត្រូវបានចាត់ទុកថាជាព្យុះទីហ្វុងដ៏កំណាចបំផុត ដែលបានបោកបក់មកលើទឹកដីប្រទេសហ្វីលីពីនក្នុងឆ្នាំ២០២១នេះ បានបន្តកើនដល់ ៤០៥នាក់ហើយ ខណៈក្រុមមន្ត្រីនៅក្នុងខេត្តដែលរងគ្រោះខ្លាំងមួយចំនួន បានអំពាវនាវឱ្យមានការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងកន្លែងជ្រកកោនបណ្ដោះអាសន្នបន្ថែមទៀត បន្ទាប់ពីព្យុះទីហ្វុងដ៏កំណាច បានវាយប្រហារមកលើប្រទេសអាស៉ីអាគ្នេយ៍មួយនេះ កាលពី២សប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១។

លោក រីកាដូ ចាឡាដ (Ricardo Jalad) ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានមួយថា ពួកគេភាគច្រើន បានស្លាប់ដោយសារតែការលង់ទឹក ការរលំដើមឈើ និងការរអិលបាក់ដី ខណៈមនុស្សចំនួន ១,១៤៧នាក់ផ្សេងទៀត បានទទួលរងរបួស និង៨២នាក់បាត់ខ្លួន។

លោក Jalad បានបន្ថែមថា ផ្ទះជាង ៥៣០,០០០ខ្នង ក៏ត្រូវបានរងការខូចខាតយ៉ាងដំណំផងដែរ ដែលមួយភាគបីក្នុងចំណោមនោះ បានរងការបំផ្លិចបំផ្លាញទាំងស្រុង ខណៈការខូចខាតចំពោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មត្រូវបានគេប៉ាន់ប្រមាណថា មានទំហំគិតតជាទឹកប្រាក់ប្រហែល ៤៥៩លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន ព្យុះទីហ្វុង Rai បានបង្កផលប៉ះពាល់ដល់មនុស្សជិត ៤.៥លាននាក់ ដោយក្នុងនោះ ជាងកន្លះលាននាក់ ត្រូវជ្រកកោននៅតាមមជ្ឈមណ្ឌលជម្លៀសខ្លួន។ វាបានបោកបក់មកដល់ហ្វីលីពីនកាលពីថ្ងៃទី១៦ ខែធ្នូនេះ ក្នុងទម្រង់ ជាព្យុះទីហ្វុងកម្រិតទី៥ ហើយបានបង្កស្លាកស្នាមវិនាសហិនហោចយ៉ាងខ្លាំង នៅខេត្ត បូហូល (Bohol), ខេត្តសេប៊ូ (Cebu) និង ស៊ូរីហ្កៅ ឌែល ណូតទេ (Surigao del Norte)។ បច្ចុប្បន្ន អាជ្ញាធរហ្វីលីពីនកំពុងព្យាយាមដោះស្រាយការខ្វះខាត ជំនួយផ្គត់ផ្គង់ ដែលមិនគ្រប់គ្រាន់សម្រាប់ប្រជាជនរាប់ពាន់នាក់ ដែលនៅតែគ្មានថាមពលអគ្គិសនី និងទឹកប្រើប្រាស់៕