(ប៉េកាំង)៖ ដូចដែលឆ្នាំថ្មីកំពុងឈានចូលមកដល់ អ្វីៗគ្រប់យ៉ាងបានប្រែក្លាយរូបរាងថ្មី ហើយវាក៏ផ្តល់ឲ្យពិភពលោកនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការជជែក និងរួមគ្នាកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលជាតម្រូវការរបស់មនុស្សជាតិនាពេលនេះ។ នៅពេលប៉ុន្មានថ្ងៃខាងមុខនេះ ឆ្នាំ២០២២នឹងឈានមកដល់ ហើយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ប្រជាជាតិចិននៅទូទាំងពិភពលោកសាទរនឹងអំណរឆ្នាំថ្មី ឆ្នាំខាលដែលនឹងមកដល់ផងដែរ ហើយវាក៏ជាការចាប់ផ្តើមនៃពិធីដ៏មហោឡារិក ដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ (៤-២០ កុម្ភៈ ២០២២)។ ពិតណាស់ដែលថា ការរៀបចំកម្មវិធីដ៏មហាមានន័យ ជាប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ ក្នុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខនឹង វិបត្តិនៃការរីករាតត្បាតជាសកលជំងឺ Covid-19 ប្រទេសចិនកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយទៀត ក្នុងការធានាទាំងសុវត្ថិភាពសន្តិសុខ ទាំងសុវត្ថិភាពសុខាភិបាលសាធារណៈ សម្រាប់គណៈប្រតិភូកីឡា និងសម្រាប់វេទិកាកីឡាអន្តរជាតិនេះ។

កំណាព្យចិនបុរាណមួយពោលថា «ត្រសក់ផ្អែមមានធាងល្វីង ពុទ្រាឆ្ងាញ់ដុះលើបន្លា» សម្រាប់រូបខ្ញុំដែលជាអ្នកសិក្សាផ្នែកទស្សនវិជ្ជា យល់ថា ជាការពិត ការរឹតត្បិត និងការរឹតបន្ថឹងផ្នែកសន្តិសុខ និងការត្រួតពិនិត្យសុខភាព ឬការអនុវត្តតាមក្បួនវិទ្យាសាស្រ្តសុខាភិបាល ដែលប្រទេសចិនបាននិងកំពុងអនុវត្ត គឺជាការឆ្លើយតបបានទៅនឹងការធានាបាននូវសុវត្ថិភាព ១០០% ដើម្បីឱ្យដំណើរការនៃការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ បានទទួលជោគជ័យ និងជាការធានាបាននូវការរួមចំណែក កសាងជោគវាសនារួមរបស់មនុស្សជាតិ។
បើយើងងាកត្រឡប់មកមើលឆ្នាំ២០២១ យើងច្បាស់ជាគ្មានអ្វីសង្ស័យទៀតទេថា ប្រទេសចិនគឺជាទីកន្លែងសុវត្ថិភាព ក្នុងការធានាបាននូវការទប់ស្កាត់ ការរីករាលដាលនៃជំងឺ Covid-19 ដែលនេះជាសក្ខីភាពបញ្ជាក់កាន់តែច្បាស់ ប្រកបដោយនិយាមវិទ្យាសាស្រ្តវេជ្ជសាស្រ្តពីវិធានការនានា ដែលបានដាក់ចេញដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការធានាបាននូវសុវត្ថិភាពកាន់តែប្រសើរលើការទប់ស្កាត់ Covid-19 ក្នុងពេលដែលប្រទេសចិនត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំពិធីកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២។ យើងពិតជាមិនអាចរកបានទីតាំងណា ដែលមានសុវត្ថិភាពល្អប្រសើរបំផុតដូចទៅនឹងរដ្ឋធានីប៉េកាំង ដែលជាទីតាំងទទួលរៀបចំ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នេះទៀតបានឡើយ។

គុណតម្លៃទាំងបីនៃកីឡាអូឡាំពិក គឺឧត្តមភាព មិត្តភាព និងការគោរព ដែលនេះជាមូលដ្ឋានគ្រឹះរបស់ចលនាអូឡាំពិក ក្នុងការបង្កើតសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់វិស័យកីឡា វប្បធម៌ និងការអប់រំ និងក្នុងគោលបំណងកសាងពិភពលោក ឱ្យកាន់តែប្រសើរឡើង។ គុណតម្លៃទាំងបីនេះត្រូវបានប្រទេសចិនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដែលជាពិសេសកីឡាអូឡាំពិករដូវរងា២០២២នេះ គឺជាតឹកតាងបញ្ជាក់កាន់តែប្រត្យក្សបន្ថែមទៀតថា នេះជាវេទិកាកីឡាដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការកសាងសហគមន៍រួមជោគវាសនាមនុស្សជាតិ។ ក្នុងន័យនេះ កីឡាមិនត្រូវបម្រើដល់មហិច្ឆតារបស់នយោបាយ ឬអ្នកនយោបាយនោះឡើយ ហើយបណ្តាប្រទេសទាំងអស់ត្រូវចូលរួម គោរពតាមគុណតម្លៃរបស់កីឡាអូឡាំពិក ដូចទៅនឹងអ្វីដែលប្រទេសចិនកំពុងបាននិងកំពុងអនុវត្ត។

ឆ្លងកាត់ពន្លឺនៃសន្តិភាពពីមួយជំនាន់ទៅមួយជំនាន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ គឺជាអ្វីដែលប្រជាជនគ្រប់ប្រទេសទាំងអស់ចង់បាន ហើយវាក៏ជាការទទួលខុសត្រូវ ដែលរដ្ឋបុរសក្នុងជំនាន់របស់យើងទាំងអស់គ្នាគួរតែរែកពុន។ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅប្រទេសចិនគឺជាមូលដ្ឋាន នៃការគាំទ្របន្ថែមទៀតរបស់ចិន និងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដល់ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិមួយ និងសម្រេចឲ្យបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ។
ដូចដែលជនជាតិចិនធ្លាប់បាននិយាយថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ ការបើកចំហគំនិតពហុភាគីនិយម និងការគោរពគុណតម្លៃអូឡាំពិក បានធ្វើឲ្យរដ្ឋធានីប៉េកាំង នឹងក្លាយទៅជាមជ្ឈមណ្ឌលសន្តិភាពសម្រាប់មនុស្សជាតិ។ យើងគួរតែជំរុញលើកកម្ពស់ ស្មារតីកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដោយទាំងអស់គ្នាសម្រាប់កីឡាអូឡាំពិក ឬកីឡាអូឡាំពិកសម្រាប់ទាំងអស់គ្នា។

ពិភពលោករួមជាមួយប្រទេសចិនកំពុងសាទរ ពិធីចូលឆ្នាំប្រពៃណីជនជាតិចិនឆ្នាំខាល ហើយបើតាមវប្បធម៌ចិន សត្វខ្លាគឺជានិមិត្តរូបដែលនឹងនាំមកនូវការស្ញប់ស្ញែង ភាពក្លាហាន និងភាពសុខដុមរមនា។ ខ្លាពោរពេញដោយឋាមភាព ឧត្តមភាព ឫស្សរភាព និងឫទ្ធានុភាពដែលបានបង្កប់នូវស្មារតី និងមហិច្ឆិតា នៃការជំរុញឱ្យសម្រេចបានជោគជ័យ និងវឌ្ឍនភាព។ ជាមួយនឹងអត្ថន័យនេះ យើងសូមជូនពរដល់កីឡាករ អ្នកការទូត និងមនុស្សជាតិទាំងអស់ ទទួលបានពរជ័យដ៏ល្អប្រសើរ និងភាពសប្បាយរីករាយបំផុត នៅក្នុងកំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនឆ្នាំខាល ឆ្នាំ២០២២ ដែលប្រទេសចិនគឺជាម្ចាស់ផ្ទះ នៃការរៀបចំកីឡាអូឡាំពិករដូវរងា ហើយជាទីប្រកបដោយសុវត្ថិភាពខ្ពស់បំផុត នៃការទប់ស្កាត់បានទាំងស្រុងនូវការឆ្លងជំងឺ Covid-19 ក្នុងចំណោមទីកន្លែងទាំងអស់នៅលើពិភពលោក៕

ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ (ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន)