(វ៉ាស៉ីនតោន)៖ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លង បានបង្ហាញការមិនទុកចិត្តចំពោះ គោលការណ៍ថ្មីរបស់រដ្ឋាភិបាលអាមេរិក ដែលសម្រេចកាត់បន្ថយ រយៈពេលនៃការដាក់ខ្លួនឱ្យនៅដាច់ពីគេ សម្រាប់អ្នកជំងឺ COVID-19 ដែលមិនចេញរោគសញ្ញា ដោយថាវាហាក់ធូររលុងពេក ដែលអាចនាំឱ្យមានការឆ្លងរាលដាលកាន់តែខ្លាំងថែមទៀត ខណៈសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការកើនឡើងនៃករណីឆ្លង ដែលជំរុញដោយវីរុសបំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

ក្នុងសប្តាហ៍នេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានសម្រេចបន្ថយរយៈពេលគួរដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេឯង សម្រាប់អ្នកជំងឺ COVID-19 ដែលមិនបង្ហាញរោគសញ្ញា ពី១០ថ្ងៃមកនៅត្រឹម៥ថ្ងៃវិញ ហើយក្រោយពេលនោះ ពួកគេតម្រូវឱ្យពាក់ម៉ាសរយៈពេល៥ថ្ងៃបន្ថែមទៀត។

មជ្ឈមណ្ឌល CDC អាមេរិកបានលើកឡើងថា ហេតុផលចម្បងមួយ គឺមកពីការកំពុងរាតត្បាតយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងថ្មី Omicron ដែលអាចបង្ខំឱ្យកម្លាំងពលកម្មកាន់តែច្រើនថែមទៀត នៅតាមឧស្សាហកម្មផ្សេងៗ ត្រូវស្នាក់នៅផ្ទះក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ បើទោះបីជាពួកគេមិនមានអាការៈអ្វី ឬក៏បង្កហានិភ័យក្នុងការចម្លងជំងឺទៅកាន់អ្នកដទៃក៏ដោយ។

យ៉ាងណាក្តី គោលការណ៍ថ្មីនេះ បានបង្កក្តីបារម្ភជាខ្លាំងក្នុងចំណោមក្រុមអ្នកជំនាញ ព្រោះវាមិនបានបែងចែកឱ្យច្បាស់រវាង អ្នកបានចាក់វ៉ាក់សាំង និងអ្នកមិនបានចាក់វ៉ាក់សាំង ដែលជាសះស្បើយពីជំងឺវិញក្នុងកម្រិតខុសគ្នា។ ម៉្យាងវិញទៀត គោលការណ៍នោះ ថែមទាំងមិនតម្រូវឱ្យមានការធ្វើតេស្តបញ្ជាក់ទៀតផង មុនពេលពួកគេអាចត្រឡប់ទៅបំពេញការងារ ឬធ្វើប្រាស្រ័យទាក់ទងក្នុងសង្គមវិញ។

នាយកមជ្ឈមណ្ឌល CDC អាមេរិក លោកស្រី រ៉ូឈែល វ៉ាលែនស្គី (Rochelle Walensky) កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា ការសម្រេចចិត្តខាងលើ ធ្វើឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ ដែលបង្ហាញថា រហូតដល់ទៅ៩០ភាគរយនៃការចម្លងវីរុស COVID-19 គឺប្រព្រឹត្តទៅក្នុងចន្លោះពេល៥ថ្ងៃដំបូងនៃការឆ្លង។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបដល់ទៅជាង ៤៦៥,០០០នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៧៧៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក ហើយមេរោគបំប្លែងថ្មី Omicron បានរ៉ាប់រងប្រហែល៦០ភាគរយហើយ នៃករណីឆ្លង COVID-19 នាពេលបច្ចុប្បន្ននៅអាមេរិក៕