(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៣,៨៨៩ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

ករណីឆ្លងខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៧៦៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៧០២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Vĩnh Long ចំនួន៩១៧ករណី, ខេត្ត Tây Ninh ចំនួន៩៣៨ករណី និងខេត្ត Khánh Hòa ចំនួន៧៩៣ករណី។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៤៥នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៦៩៤,៨៧៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៣០២,៥៤២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣១,៨៧៧នាក់៕