(ប៉េកាំង)៖ គិតត្រឹមថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ទីក្រុងស៉ីអាន (Xi’an) ភាគពាយ័ព្យប្រទេសចិន ដែលមានប្រជាជនរស់នៅប្រហែល ១៣លាននាក់ បានស្ថិតនៅក្រោមវិធានការបិទខ្ទប់រយៈពេល ០៧ថ្ងៃជាប់គ្នាហើយ ដោយមនុស្សជាច្រើន មិនអាចចាកចេញពីផ្ទះរបស់ពួកគេបាន ហើយស្ទើរតែពឹងផ្អែកលើការចែកចាយសម្ភារៈចាំបាច់ទាំងអស់ ខណៈដែលករណីឆ្លង COVID-19 ក្នុងសហគមន៍ថ្មីៗ នៅតែបន្តរកឃើញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុង Xi'an នៅថ្ងៃពុធនេះបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ១៥១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងក្នុងសហគមន៍សរុបនៅក្នុងទីក្រុងនេះ បានកើនឡើងដល់ជិត ១,០០០ករណីហើយ គិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២៨ ខែធ្នូ ប៉ុន្តែមិនមានការរាយការណ៍ អំពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron នៅឡើយទេ។

ទោះជាយ៉ាងណា វានៅតែជាចំនួនតិចតួចមួយ បើធៀបទៅនឹងការឆ្លងរីករាលដាល នៅបណ្ដាប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។ អាជ្ញាធរចិនបានដាក់ចេញ នូវវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹង លើការធ្វើដំណើរទាំងនៅក្នុង និងចេញក្រៅទីក្រុងរួចរាល់ហើយ ចាប់ពីថ្ងៃទី២៣ ខែធ្នូ។

ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋបាលទីក្រុង Xi'an ក៏បានបញ្ឈប់ការអនុញ្ញាត ឱ្យមនុស្សដែលចង់ចាកចេញពីផ្ទះរបស់ពួកគេ ដើម្បីទិញសម្ភារៈសំខាន់ៗ ខណៈដែលវិធានការទប់ស្កាត់ការឆ្លងរាតត្បាត ត្រូវបានរឹតបន្តឹងមួយកម្រិតទៀត។ រដ្ឋបាលទីក្រុង Xi'an បាននិយាយថា ការដើរទិញឥវ៉ាន់ដោយផ្ទាល់ អាចត្រូវអនុញ្ញាតឡើងវិញសម្រាប់អ្នកស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យទាប នៅពេលដែលការធ្វើតេស្តទ្រង់ទ្រាយធំ បានផ្តល់លទ្ធផលអវិជ្ជមាន ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថា នៅពេលណាដែល បទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ នឹងត្រូវដកចេញតែម្តងនោះទេ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១០១,៦៨៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤,៦៣៦នាក់ និងអ្នកជាសះស្បើយចំនួន ៩៤,៦៣២នាក់៕