(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសលុបចោលការរឹតត្បិតការធ្វើដំណើរ ដែលត្រូវបានដាក់ឱ្យអនុវត្តលើអ្នកដំណើរ មកពីប្រទេសចំនួន ៨ នៃតំបន់អាហ្រ្វិកខាងត្បូង ដោយសារបារម្ភពីការឆ្លងរាលដាល នៃមេរោគ COVID-19 បំប្លែងថ្មី Omicron នោះហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅរសៀលថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ លោក ចូ បៃដិន បានចេញបទបញ្ជាប្រធានាធិបតីលេខ ១០៣១៥ ដោយហាមឃាត់អ្នកដំណើរ ដែលមិនមែនជាពលរដ្ឋអាមេរិក ចូលមកក្នុងទឹកដីរបស់ខ្លួន ប្រសិនបើពួកគេធ្លាប់ស្ថិតនៅរយៈពេល ១៤ថ្ងៃ ក្នុងបណ្ដាប្រទេសអាហ្វ្រិកចំនួន ៨ ដូចជា អាហ្វ្រិកខាងត្បូង, បុតស្វាណា, ស៊ីមបាបវ៉េ, ណាមីបៀ, ឡេសូតូ, អេស្វាទីនី, ម៉ូហ្សំប៊ីគ និងម៉ាឡាវី។

ប៉ុន្តែនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ (ពេលវេលានៅសហរដ្ឋអាមេរិក), លោក បៃដិន បានលុបចោលបទបញ្ជាលេខ ១០៣១៥ នោះវិញ តបតាមសេចក្តីណែនាំរបស់ មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC)។

យោងតាមអនុសាសន៍របស់ CDC ដោយផ្អែកលើការសិក្សាលើមេរោគបំប្លែងថ្មី Omicron អស់រយៈពេលជាច្រើនសប្ដាហ៍នេះ, លោក បៃដិន ផ្ទាល់បានថ្លែងថា ការលុបចោលបម្រាមធ្វើដំណើរ លើបណ្ដាប្រទេសអាហ្វ្រិកទាំង ៨ ខាងលើ គឺធ្វើឡើងស្របទៅតាមផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដ្បិតបម្រាមនេះលែងមានភាពចាំបាច់ ក្នុងការការពារសុខភាពសាធារណៈទៀតហើយ៕