(ប៉េកាំង)៖ ប្រទេសនីហ្សេរីយ៉ាធ្លាប់ទទួលបានវ៉ាក់សាំងជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន AstraZeneca នៃអង់គ្លេសចំនួនជាង ២៥០ម៉ឺនដូសពីអឺរ៉ុប កាលពីខែតុលា ឆ្នាំ ២០២១ ប៉ុន្តែក្នុងនោះមានចំនួនជិតពាក់កណ្តាល ផុតកាលបរិចេ្ឆទប្រើប្រាស់ត្រឹមខែវិច្ឆិកា ឆ្នាំនេះ។ ដើម្បីលុបបំបាត់ការព្រួយបារម្ភរបស់ប្រជាជនប្រទេសខ្លួន ចំពោះសុវត្ថិភាពនៃវ៉ាក់សាំង រដ្ឋាភិបាលនីហ្សេរីយ៉ាត្រូវបានបង្ខំចិត្តកំទេចចោលទាំងស្រុង នូវវ៉ាក់សាំងដែលបានផុតកំណត់ទាំងនេះ កាលពីសប្តាហ៍មុន។

និយាយចំពោះប្រទេសដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក វាច្បាស់ណាស់ថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ។ បច្ចុប្បន្ននេះ ប្រទេសនីហ្សេរីយ៉ាបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបលើសពី ២៣ ម៉ឺននាក់ ។ ដោយឡែក ក្រោមការវាយលុកដោយរលកទីបួន នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ចំនួនករណីឆ្លងថ្មីក្នុងមួយថ្ងៃនាពេលថ្មីៗកន្លងទៅនេះ របស់ប្រទេសនីហ្សេរីយ៉ាមានចំនួនលើសពី ១,០០០នាក់។ យ៉ាងណាមិញ អត្រាចាក់វ៉ាក់សាំងដូសទីមួយរបស់ប្រជាជនប្រទេសនេះ គឺត្រឹមតែ ៦ ភាគរយប៉ុណ្ណោះ ដូច្នេះអាចឃើញថា ការរំពឹងទុកជាបន្ទាន់របស់ពួកគេ ចំពោះការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ ១៩ កាន់តែច្រើនមានភាពខ្លាំងក្លាណាស់។

នៅទ្វីបអាហ្រ្វិក ដូចប្រទេសនីហ្សេរីយ៉ាដែលទទួលបានវ៉ាក់សាំង ដែលបានផុតកាលបរិចេ្ឆទប្រើប្រាស់ពីលោកខាងលិច គឺ មិនតិចទេ។ តាមទិន្នន័យស្ថិតិនៃអង្គការសុខភាពពិភពលោក កាលពីខែកក្កដាឆ្នាំនេះបានឱ្យដឹងថា ប្រទេសចំនួន ៨ នៅអាហ្រ្វិកបាននិងកំពុងប្រឈមមុខនឹងបញ្ហាវ៉ាក់សាំងជំងឺកូវីដ ១៩ បានផុតកាលបរិចេ្ឆទប្រើប្រាស់។ ឧទាហរណ៍ ដូចជា ប្រទេសម៉ាឡាវីនិងស៊ូដង់ខាងត្បូងជាដើម សុទ្ធតែធ្លាប់កំទេចចោល ឬបោះបង់ចោលវ៉ាក់សាំងរាប់ម៉ឺនដូសទាំងបង្ខំចិត្ត។

គួរបញ្ជាក់ថា ប្រទេសអាហ្វ្រិកត្រូវបង្ខំចិត្តឱ្យកំទេចចោលវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលផុតកាលបរិចេ្ឆទប្រើប្រាស់ដោយឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង ពោលគឺ គំនិត «វ៉ាក់សាំងជាតិនិយម» របស់លោកខាងលិចនៅតែបង្ករឿងហេតុដដែល។ សូមយកសហរដ្ឋអាមេរិកធ្វើជាឧទាហរណ៍អាចឃើញថា តាមទិន្នន័យនៃមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ចាប់ពីខែមីនាដល់ខែកញ្ញា ឆ្នាំនេះអាមេរិកបានខ្ជះខ្ជាយវ៉ាក់សាំងជំងឺកូវីដ ១៩ យ៉ាងហោចណាស់ ចំនួន ១៥ លាន ១ សែនដូស។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ចំនួនវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលខ្ជះខ្ជាយនៅអាមេរិក មានចំនួនលើសពីយ៉ាងច្រើននូវបរិមាណចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។

លោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូងធ្លាប់រិះគន់កាលពីដើមខែធ្នូឆ្នាំនេះថា «ប្រទេសធូរធារបានបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលមានចំនួនលើសពីតម្រូវការរបស់ប្រជាជនប្រទេសខ្លួនយ៉ាងច្រើន ខណៈពេលដែលយើងចង់ទទួលបានវ៉ាក់សាំង ពួកគេគ្រាន់តែផ្តល់វ៉ាក់សាំងដែលបានផុតកំណត់ទាំងនោះដល់យើងតែប៉ុណ្ណោះ ។ ភាពលោភលន់របស់ពួកគេពិតជាធ្វើឱ្យយើងខកបំណងខ្លាំងណាស់»

«គម្លាតខ្លាំងក្នុងការចែកចាយវ៉ាក់សាំង» គឺជាឧបសគ្គដ៏ធំបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ។ ការផ្តល់ជំនួយដល់ប្រទេសចំណូលទាបដែលមានត្រមូវការចាំបាច់ គឺជាកាតព្វកិច្ចនិងទំនួលខុសត្រូវដែលមិនអាចគេចវេះបានរបស់សហគមន៍អន្តរជាតិ ជាពិសេស គឺ ប្រទេសធំលើពិភពលោក។

អាហ្រ្វិកត្រូវការជំនួយពិតប្រាកដដែលចេះជួយគ្នាក្នុងគ្រាក្រ តែមិនមែនជាការបរិច្ចាគក្លែងក្លាយដើម្បីចាត់ចែងវ៉ាក់សាំងដែលបានផុតកំណត់នោះទេ ។ ប្រទេសលោកខាងលិចគួរតែរ៉ាប់រងទំនួលខុសត្រូវរបស់ខ្លួននិងផ្តល់វ៉ាក់សាំងជំងឺកូវីដ ១៩ ប្រកបដោយគុណភាពល្អដូចការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនអ៊ីចឹង ហើយរួមចំណែកខិតខំប្រឹងប្រែងដើម្បីបង្កើតជារបាំងភាពស៊ាំដ៏រឹងមាំដល់ពិភពលោក៕ (#CCFRComment#)