(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានចេញបញ្ជាឲ្យ នាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន ដែលកំពុងប្រចាំនៅតំបន់ដែនសមុទ្រមេឌីទែរ៉ាណេ បន្តរក្សាប្រតិបត្តិការនៅតំបន់នោះដដែល ដើម្បីធានាសន្តិសុខដល់សម្ព័ន្ធមិត្តអឺរ៉ុប ចំពោះមុខក្តីព្រួយបារម្ភនៅឡើយថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) បានចេញបញ្ជាឲ្យក្រុមប្រយុទ្ធនៅលើនាវាដឹកយន្តហោះចម្បាំង យូអ៊ែសអ៊ែស ហារី ទ្រូមែន (USS Harry S Truman) បន្តរក្សាវត្តមាននៅលើដែនសមុទ្រមេឌីទែរ៉ាណេសិន ហើយសម្រាប់កាលវិភាគដែលតម្រូវឲ្យចល័តនាវានេះ ទៅកាន់តំបន់មជ្ឈិមបូព៌ាវិញនោះ គឺត្រូវផ្អាកជាបណ្តោះអាសន្នសិន។

មន្ត្រីមួយរូបនៃក្រសួងការពារជាតិអាមេរិក បានបកស្រាយជុំវិញការផ្លាស់ប្តូរខាងលើនេះថា វាជាការឆ្លុះបញ្ចាំងអំពីការរក្សាវត្តមានជាប់លាប់ ដោយកងទ័ពសហរដ្ឋអាមេរិក នៅក្នុងទ្វីបអឺរ៉ុប ដែលជារឿងចាំបាច់ក្នុងការធានាសន្តិសុខដល់សម្ព័ន្ធមិត្ត និងដៃគូនានារបស់សហរដ្ឋអាមេរិក ហើយក៏ស្របនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីផ្តល់ការការពារជាសមូហភាពផងដែរ។

គួរបញ្ជាក់ថា ការបោះជំហានដោយសហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងស្របពេលដែលប្រទេសរុស្ស៊ី ត្រូវបានគេមើលឃើញថា នៅតែបន្តធ្វើសមយុទ្ធយោធា នៅក្បែរព្រំដែនប្រទេសអ៊ុយក្រែន ដោយសំអាងថា ជាការត្រៀមទប់ទល់ការវាយលុក ទ្រង់ទ្រាយធំពីសំណាក់សត្រូវ។ យ៉ាងណាក៏ដោយ រុស្ស៊ី, អង្គការ NATO, សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបពាក់ព័ន្ធ នឹងត្រូវជួបប្រជុំគ្នានៅអំលុងខែមករា ឆ្នាំ២០២២ ខាងមុខនេះជាបន្តបន្ទាប់ ដើម្បីពិភាក្សាចំពោះស្ថានការណ៍តានតឹង ដែលបាននិងកំពុងអូសបន្លាយ អស់រាប់ខែមកហើយ៕