(ហុងកុង)៖ ប៉ូលិសហុងកុង នៅព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចាប់ខ្លួនបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិកជាន់ខ្ពស់ចំនួន ០៦នាក់ មកពីកាសែតអនឡាញមួយ ក្រោមបទសង្ស័យថាបានសមគំនិតក្នុងការបោះពុម្ពផ្សាយព័ត៌មានបំផុសបំផុល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមទូរទស្សន៍ហុងកុង TVB ជនសង្ស័យទាំង ០៦នាក់ខាងលើគឺជាបុគ្គលិកមកពីគេហទំព័រសារព័ត៌មានគាំទ្រលទ្ធិប្រជាធិបតេយ្យ Stand News។ ប៉ូលិសបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ខ្លួនបុរស ០៣នាក់ និងស្រី្ត ០៣នាក់ដែលមានអាយុចន្លោះពី ៣៤ឆ្នាំទៅ ៧៣ឆ្នាំក្រោមបទសង្ស័យថាបានសមគំនិត ក្នុងការបោះពុម្ពផ្សាយព័ត៌មានបំផុសបំផុលញុះញង់ប្រឆាំងរដ្ឋអំណាច ហើយការឆែកឆេរផ្ទះរបស់ពួកគេកំពុងតែដំណើរការ។

ដោយឡែក បើតាម Stand News ម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន គឺលោក Ronson Chan ដែលជានិពន្ធនាយករងរបស់ខ្លួន និងជាប្រធានសមាគមអ្នកកាសែតហុងកុងផងដែរ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ប៉ូលិសរាប់រយនាក់ បានឆ្មក់ចូលបរិវេណស្ថាប័នកាសែតគាំទ្រលទ្ធិប្រជាធិបតេយ្យ Apple Daily ដោយបានចាប់ខ្លួននាយកប្រតិបត្តិរបស់ ស្ថាប័ននេះ ក្រោមបទចោទប្រកាន់ថាបាន «គប់គិតជាមួយកងកម្លាំងបរទេស» ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ បន្ទាប់មក ស្ថាប័នកាសែតនោះ ត្រូវបានបិទទ្វារជាបន្តបន្ទាប់៕