(ប៉េកាំង)៖ មនុស្សរាប់សែននាក់បន្ថែមទៀត ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ នៅភាគខាងជើងប្រទេសចិនក្នុងថ្ងៃអង្គារនេះ ដោយចូលរួមជាមួយមនុស្សរាប់លាននាក់ ដែលត្រូវបានស្ថិតនៅក្រោមវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងរួចមកហើយ ខណៈពេលដែលអាជ្ញាធរចិនកំពុងព្យាយាមទប់ស្កាត់ ការកើនឡើងវិញនៃករណីឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅល្ងាចថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។

ឈានចូលដល់រដូវរងាកាន់តែខ្លាំងនេះ ប្រទេសចិនត្រូវបានគេមើលឃើញថា បាននិងកំពុងប្រឈមមុខការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗចំនួន «២០៩ករណី» នៅថ្ងៃអង្គារនេះ ដែលជាចំនួនខ្ពស់បំផុតក្នុងមួយថ្ងៃ គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ កន្លងមកនេះ នៅពេលដែលវីរុសនេះ បានឆ្លងរាលដាលនៅទីក្រុង វូហាន (Wuhan)។

ការកើនឡើងខាងលើនេះ បានជំរុញឱ្យអាជ្ញាធរដាក់ចេញនូវ វិធានការទប់ស្កាត់ដ៏តឹងរ៉ឹងបំផុតនៅទីក្រុង ស៊ីអាន (Xi'an) នៃខេត្ត សានស៊ី (Shaanxi) ដែលមានប្រជាជនចំនួន ១៣លាននាក់រយៈពេល ៦ថ្ងៃជាប់ៗគ្នាមកហើយ ដោយបញ្ជាឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ។ ទីក្រុងក្បែរៗនោះ ក៏បានកត់ត្រានូវករណីឆ្លងថ្មីៗមួយចំនួនផងដែរ ដូចជាទីក្រុង យ៉ាន អាន (Yan'an) ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីទីក្រុង Xi'an នៅថ្ងៃអង្គារនេះ ក៏បានបញ្ជាឱ្យបិទអាជីវកម្ម និងបញ្ជាឱ្យប្រជាជនរាប់សែននាក់នៅក្នុងស្រុកមួយ ស្នាក់នៅក្នុងផ្ទះដូចគ្នា។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ១០១,៤៨៦ករណីហើយ ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៩៤,៥៧៥នាក់។ កន្លងមកនេះ ចិនបានចាក់់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ២.៧ពាន់លានដូស ក្នុងនោះប្រជាជន ១.១៩ពាន់លាននាក់ បានទទួលការចាក់គ្រប់ដូស៕