(ដាម៉ាស់)៖ រដ្ឋមន្ត្រីការបរទេសស៉ីរី លោក ហ្វៃសល់ ម៉េកដាដ (Faisal Mekdad) បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទដើម សប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងលួចធនធានធម្មជាតិពីប្រទេសស៉ីរី និងដាក់ទណ្ឌកម្មខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១។

លោក Faisal Mekdad បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិថា កងកម្លាំងសហរដ្ឋអាមេរិក ដោយមានជំនួយពីកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបន្ត លួចប្រេង, ស្រូវសាលី និងកប្បាសរបស់ប្រទេសស៉ីរី។ លោកបន្ថែមថា SDF ដែលមានជំនួយការពីជនជាតិអាមេរិកកំពុងឃុំឃាំងមនុស្សប្រហែល ៦០,០០០នាក់នៅក្នុង ជំរុំជនភៀសខ្លួន al-Hol នៅភាគឦសានប្រទេសស៉ីរី ហើយកំពុងលួចជំនួយដែលត្រូវបានផ្ញើទៅឱ្យជនភៀសខ្លួន។

លោក Faisal Mekdad ក៏បានបរិហារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសស៉ីរីថា «ខុសច្បាប់» ផងដែរក្នុងគោលបំណងធ្វើឱ្យប្រទេសរបស់លោកមាន អស្ថិរភាព។

គួរបញ្ជាក់ថា បើតាមលោក Faisal Mekdad ដោយសារតែការដាក់ទណ្ឌកម្ម, ស៊ីរីមិនអាចចូលដំណើរការរូបិយបណ្ណបរទេស ដើម្បីទិញការផ្គត់ផ្គង់ដែលខ្លួនត្រូវការបាន ដូចជាថ្នាំពេទ្យ ជាពិសេសក្នុងអំឡុងពេលជំងឺឆ្លងរាតត្បាត COVID-19។ វិបត្តិជនភៀសខ្លួន ក៏បណ្ដាលមកពីការដាក់ទណ្ឌកម្មផងដែរ ដោយបន្ថែមថា ជនភៀសខ្លួន នឹងប្រឈមមុខចំពោះវិបត្តិស្វែងរកការរស់រានមានជីវិត បន្ទាប់ពីត្រឡប់ទៅប្រទេសស៉ីរីវិញ ដែលនាំឱ្យវិបត្តិជនភៀសខ្លួនមិនអាចដោះស្រាយបាន៕