(តេហេរ៉ង់)៖ មេបញ្ជាការយោធាជាន់ខ្ពស់អ៉ឺរ៉ង់ម្នាក់ បាននិយាយថាការធ្វើសមយុទ្ធយោធារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់នៅក្នុងសប្ដាហ៍នេះ គឺជាការបញ្ជូនសារព្រមាន មួយទៅកាន់អ៉ីស្រាអែល ខណៈមានការព្រួយបារម្ភថារដ្ឋជី្វហ្វមួយនេះមានផែនការវាយប្រហារកម្ទេចរោងចក្រនយក្លេអ៊ែរអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងប្រាប់ទូរទស្សន៍រដ្ឋ លោកឧត្ដមសេនីយ៍ ហូសសេន សាឡាមី (Hossein Salami) ជាអគ្គមេបញ្ជការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានបញ្ជាក់ដូច្នេះថា «សមយុទ្ធយោធា នេះគឺជាសារព្រមានមួយយ៉ាងច្បាស់ទៅកាន់អ៉ីស្រាអែល...យើងនឹងកាត់ដៃរបស់ពួកគេ ប្រសិនបើពួកគេប្រព្រឹត្តកំហុសណាមួយ»។ ដោយឡែក បើតាមយោធាអ៉ីរ៉ង់ មីស៊ីលបាលិស្ទីគប្រភេទខុសៗគ្នាចំនួន១៦គ្រាប់ ត្រូវបានបាញ់សាកល្បងកម្ទេចគោលដៅដោយជោគជ័យ។

គួរបញ្ជាក់ថា សមយុទ្ធយោធារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងនោះរួមទាំងការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ និងគ្រូសមីស៊ីល បានបិទបញ្ចប់កាលពីថ្ងៃសុក្រសប្ដាហ៍ នេះ។ យោធាអ៉ីរ៉ង់ ជារឿយៗតែងតែអះអាងថាមីស៊ីលបាលិស្ទីគរបស់ខ្លួនអាចបាញ់បានក្នុងចម្ងាយ ២,០០០គីឡូម៉ែត្រ ដែលចម្ងាយនេះគឺសមល្មមអាចកម្ទេចមូលដ្ឋាន របស់អ៉ីស្រាអែល និងអាមេរិកនៅក្នុងតំបន់៕