(វ៉ាស៊ីនតោន)៖ មេរោគ COVID-19 បំបែ្លងថ្មី Omicron បានចាប់ផ្ដើមបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកហើយ ខណៈព្រឹត្តិការណ៍មួយចំនួនត្រូវបានលុបចោល ឬត្រូវ លើកពេល, ប្រជាជនចាប់ផ្ដើមកាត់បន្ថយអង្គុយហូបអាហារ នៅតាមភោជនីយដ្ឋាន រីឯអាជីវកម្មមួយចំនួនបានកាត់បន្ថយបុគ្គលិក ឬក៏បិទទ្វារជាបណ្ដោះអាសន្នតែម្ដង នៅក្នុងតំបន់មានករណីឆ្លងខ្លាំងដូចជានៅទីក្រុង ញូយ៉ក ជាដើម។

ទិន្នន័យបឋមចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស បានបង្ហាញថាមេរោគបំប្លែងថ្មី Omicron មានលទ្ធភាពធ្វើឱ្យអ្នកជំងឺត្រូវចូល សម្រាកក្នុងមន្ទីរពេទ្យទាបជាងមេរោគបំប្លែងថ្មី Delat ពី៥០ ដល់៧០ភាគរយ។ មិនតែប៉ុណ្ណោះ ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែល Omicron ត្រូវបានគេកំណត់អត្តសញ្ញាណដំបូងគេកាលពីខែវិច្ឆិកាកន្លងទៅ ក៏បានឱ្យដឹងថាទោះជាមេរោគបំប្លែងថ្មីនេះមានសមត្ថភាពចម្លងជំងឺលឿនរហ័សក៏ដោយ ប៉ុន្តែ វាទំនងជាមិនបង្កឱ្យអ្នកជំងឺឈឺធ្ងន់ ដូចជា ឬខ្លាំងជាង Delta នោះទេ។

អ្នកជំនាញសេដ្ឋកិច្ច លោក Mark Zandi បានព្យាករថាសេដ្ឋកិច្ចអាមេរិកអាចនឹងរងផលប៉ះពាល់ដោយសារការកើនឡើងជាថ្មីនូវករណីឆ្លង COVID-19 បង្កឡើងដោយ Omicron តែផលប៉ះពាល់ទាំងនេះអាចនឹងមានរយៈពេលខ្លី ហើយថែមទាំងបានព្យាករទៀតផងថាសេដ្ឋកិច្ចអាមេរិកនឹងស្គាល់កំណើន ២ភាគរយ នៅត្រីមាសដំបូងនៃ ឆ្នាំ២០២២។ នៅចំពោះមុខការឆ្លងរាលដាល Omicron ប្រជាជនអាមេរិកកាន់តែច្រើនឡើងបានកាត់បន្ថយការចេញហូបអាហារនៅខាងក្រៅផ្ទះ ឬនៅតាមភោជនីយដ្ឋាន ដែលនេះបានធ្វើឱ្យចំនួនភ្ញៀវអង្គុយហូបអាហារនៅភោជនីយដ្ឋានធ្លាក់ចុះ ១០ភាគរយ គិតត្រឹមសប្ដាហ៍ដែលបញ្ចប់នៅថ្ងៃទី២៣ ខែធ្នូ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។

តែទោះជាបែបនេះក្ដី, សេដ្ឋកិច្ចនៃវិស័យជាច្រើនទៀតនៅតែដំណើរការធម្មតា មកទល់នឹងពេលនេះ ហើយចំនួនប្រជាជនអាមេរិកដែលស្នើសុំអត្ថប្រយោជន៍គ្មាន
ការងារធ្វើ នៅមានចំនួនទាប រីឯប្រជាជនអាមេរិកក្នុងចំនួនដ៏ច្រើននៅតែបន្តប្ដេជ្ញាចិត្តចំពោះផែនការវិស្សមកាលរបស់ពួកគេ។ ចំនួនអ្នកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ នៅឯអាកាសយានដ្ឋានមុនថ្ងៃបុណ្យណូអែល និងចូលឆ្នាំសកស បានកើនឡើងទ្វេដង បើធៀបទៅនឹងឆ្នាំ២០២០។

ដោយឡែក បើតាមអ្នកជំនាញសេដ្ឋកិច្ច វាហាក់ដូចជាលឿនពេកហើយក្នុងការកំណត់ ឬដឹងពីផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែលបង្កឡើងដោយ Omicron។ តួយ៉ាង អ្នកជំនាញសេដ្ឋកិច្ចដូចជា លោក Richard Curtin បាននិយាយថាជាការពិតណាស់, សេដ្ឋកិច្ចអាចនឹងរងផលប៉ះពាល់ នៅខែមករា ឆ្នាំ២០២២ ប៉ុន្តែវាដូចជាលឿនពេក ហើយ ដើម្បីកំណត់ឱ្យច្បាស់ថា Omicron បង្កផលប៉ះពាល់ដល់កម្រិតណា ខណៈមានការរំពឹងជាច្រើនថាកំណើនសេដ្ឋកិច្ចអាមេរិកអាចនឹងកើនឡើងនៅដើមឆ្នាំក្រោយ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញសេដ្ឋកិច្ចអាមេរិក, កំណើនសេដ្ឋកិច្ចអាមេរិកអាចនឹងភាពយឺតយ៉ាវត្រឹម ៣.៧ភាគរយ ប្រសិនបើផែនការ Build Back Better របស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានបិទខ្ទប់ ឬក៏មិនអាចដំណើរការបានទេនោះ។ លោក ចូ បៃដិនបានប្រកាសនៅក្នុងសប្ដាហ៍នេះពីការដាក់ចេញវិធានការថ្មីៗ ដើម្បីពង្រឹងវិស័យសុខាភិបាល និងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចបង្កឡើងដោយការកើនឡើងករណីឆ្លង COVID-19 ប្រចាំថ្ងៃ ក្នុងនោះរួមមានការបង្កើនការធ្វើតេស្ដ និងជំរុញឱ្យប្រជាជនអាមេរិកចាក់វ៉ាក់សាំងបង្ការជាដើម៕

ប្រភព៖ Reuters (ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១)