(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ អត្ថបទស៊ើបអង្កេតដ៏វែងមួយច្បាប់ដែលសរសេរដោយលោក Azmat Khan អ្នកសារព័ត៌មានស៊ើបអង្កេតត្រូវបានចុះផ្សាយនៅកាសែត «The New York Times» របស់សហរដ្ឋអាមេរិកដោយបានលាតត្រដាង នូវការពិតជាក់ស្តែងដែលកងទ័ពអាមេរិកបានសម្លាប់ជនស៊ីវិលជាច្រើន ពេលបំផុសសង្គ្រាម ហើយបានលើកឡើងថា សហរដ្ឋអាមេរិកបានបង្កើតយ៉ាងឃោរឃៅនូវ «ប្រព័ន្ធមួយដែលមានចេតនាបិទបាំង នូវចំនួនមនុស្សរងរបួសនិងស្លាប់បាត់បង់ជីវិតពិតប្រាកដ» ក្នុងករណីវាយប្រហារតាមអាកាស ព្រមទាំងធ្វើឱ្យការពង្រីកការវាយប្រហារតាមអាកាស មានភាពស្របច្បាប់»

យ៉ាងណាមិញ គិតរហូតដល់បច្ចុប្បន្ននេះ សេតវិមានអាមេរិកនៅមិនទាន់ឆ្លើយតប ចំពោះរឿងនេះនៅឡើយ ។ អ្នកនាំពាក្យរបស់បញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពអាមេរិកបានថែ្លងថា «ទោះបីជាក្តាប់ជាប់នូវបច្ចេកវិទ្យាល្អបំផុត នៅលើពិភពលោកក៏ដោយ ក៏ប៉ុន្តែទោសកំហុសនៅតែកើតឡើងដដែល។ល។ យើងកំពុងព្យាយាមដកយកបទពិសោធន៍ជាមេរៀនពីកំហុសទាំងនេះ»។ តើនេះគឺជាអ្វីដែលហៅថា «ការការពារសិទ្ធិមនុស្ស» ដែលរដ្ឋាភិបាលអាមេរិកតែងតែឃោសនាបំប៉ោងនោះមែនទេ? ប្រការដែលកាន់តែធ្វើឱ្យអ្នកផងខឹងសម្បានោះគឺ វាសឹងតែក្លាយជាទម្លាប់ទៅហើយសម្រាប់កងទ័ពអាមេរិកដែលមិនសុំទោស មិនសងថ្លៃជំងឺចិត្តឬមិនទទួលខុសត្រូវ បន្ទាប់ពីបានប្រព្រឹត្តបទឧក្រិដ្ឋគ្រប់បែបយ៉ាង ។

អ្នកនយោបាយក្រុងវ៉ាស៊ីនតោន បានដឹងច្បាស់ជាងអ្នកណាទាំងអស់ពី បទឧក្រិដ្ឋដ៏ស្មោកគ្រោកទាំងប៉ុន្មាន ដែលកងទ័ពអាមេរិកបានប្រព្រឹត្ត! នេះហើយក៏ជាមូលហេតុសំខាន់មួយ ដែលនៅពេលតុលាការព្រហ្មទណ្ឌអន្តរជាតិបានប្រកាសថា នឹងធ្វើការស៊ើបអង្កេតចំពោះរឿងនេះកាលពី ខែកញ្ញា ឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកកាលនោះ បានបដិសេធជាសាធារណៈ ព្រមទាំងបានប្រកាសពីការដាក់ទណ្ឌកម្មទៅលើ មន្ត្រីជាន់ខ្ពស់ពីររូបនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ។

ដូចការលើកឡើងក្នុងរបាយការណ៍សិក្សាស្រាវជ្រាវស្តីពី «ដែនកំណត់និងគុណវិបត្តិនៃប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក» ដែលបានចេញផ្សាយដោយសមាគមន៍សិក្សាស្រាវជ្រាវ អំពីសិទ្ធិមនុស្សនៃប្រទេសចិន នៅថ្ងៃទី២៣ ខែធ្នូ ថា «ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងពេញលេញថា «ប្រជាធិបតេយ្យ» ដែលអាមេរិកបង្ខិតបង្ខំឱ្យអនុវត្តនៅក្នុងតំបន់មួយចំនួន មិនត្រឹមតែមិនបាននាំមកនូវវិបុលភាពនិងអភិវឌ្ឍន៍ដល់ តំបន់ទាំងនេះប៉ុណ្ណោះទេ ផ្ទុយទៅវិញ ថែមទាំងក៏បានបណ្តាលឱ្យកើតគ្រោះមហន្តរាយថ្មី ដល់មនុស្សធម៌និយមយ៉ាងធ្ងន់ធ្ងរ»

សហរដ្ឋអាមេរិកបាននិងកំពុងជំពាក់បំណុលឈាមដ៏ច្រើនរាប់មិនអស់នៅមជ្ឈិមបូព៌ា ដូច្នេះគ្មានលក្ខណៈសម្បត្តិអ្វីមកពិភាក្សា ពីសិទ្ធិមនុស្សទាល់តែសោះ ! សហរដ្ឋអាមេរិកមិនបានផ្តោតសំខាន់ទៅលើបទឧក្រិដ្ឋរបស់ខ្លួន ធ្វើការខ្ជីខ្ជានិងទម្លាក់កំហុសឱ្យប្រទេសផ្សេងៗ ប៉ុន្តែបែរជាបាននិយាយឆ្កាដៃឆ្កាជើង ចំពោះប្រទេសដទៃដោយលើកទង់ «សិទ្ធិមនុស្ស» ប្រការទាំងនេះបានលាតត្រដាងពីពុតត្បុត និងស្តង់ដារពីររបស់ «សិទ្ធិមនុស្សបែបអាមេរិក»!

គួរបញ្ជាក់ថា ឥឡូវគឺដល់ពេលដែលសហគមន៍អន្តរជាតិ ធ្វើការស៊ើបអង្កេតនិងសួរដេញដោលទំនួលខុសត្រូវ ចំពោះបទឧក្រិដ្ឋសង្រ្គាមដែលអាមេរិកបានប្រព្រឹត្ត! អ្នកបង្កផលប៉ះពាល់និងអ្នកផ្តល់ការជ្រកកោនទាំងនោះ ពិតជានឹងត្រូវទទួលរងការដាក់ទណ្ឌកម្ម ស្របទៅតាមទង្វើរបស់ខ្លួនជាក់ជាមិនខាន! សច្ចធម៌វាអាចនឹងមកដល់យឺត ប៉ុន្តែវានឹងមិនអវត្តមានឡើយ៕