(ញូដេលី)៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានស្នើឱ្យបណ្ដារដ្ឋនានានៅទូទាំងប្រទេសបង្កើនការផ្គត់ផ្គង់អុកស៊ីសែន និងពង្រឹងហេដ្ឋារចនាសម្ពន្ធសុខាភិបាល ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លង COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron នៅមុនរដូវកាលបុណ្យនានា ចូលមកដល់ ខណៈដែលការប្រមូលផ្តុំគ្នានៅតាមទីសាធារណៈ និងទីផ្សារមានការកើនឡើងគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ថ្មីៗចំនួន ១៦ករណីបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលច្រើនជាងពីរដង បើធៀបទៅនឹងកាលពីសប្តាហ៍មុន នាំឱ្យចំនួនករណីឆ្លងសរុប នៃមេរោគបំប្លែងថ្មីនេះនៅទូទាំងប្រទេសកើនឡើងដល់ ២៣៦ករណី។

រដ្ឋាភិបាលឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នាយករដ្ឋមន្ត្រីបានណែនាំក្រុមមន្រ្តីឱ្យធានាថា ប្រព័ន្ធសុខាភិបាលនៅក្នុងរដ្ឋនានាចាប់ផ្តើមពីថ្នាក់ស្រុក ត្រូវបានពង្រឹងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមណាមួយដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Omicron ដែលវាមានសារៈសំខាន់ណាស់ សម្រាប់រដ្ឋនានាក្នុងការធានាថា ឧបករណ៍ផ្គត់ផ្គង់អុកស៊ីសែនត្រូវបានតំឡើងរួចរាល់ និងប្រើប្រាស់បានយ៉ាងល្អ»

គួរបញ្ជាក់ថា ខណៈពាក់កណ្តាលនៃចំនួនប្រជាជនពេញវ័យសរុបរបស់ប្រទេសឥណ្ឌា ត្រូវបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ មនុស្សរាប់រយលាននាក់នៅតែស្ថិតក្នុងហានិភ័យដដែល។ ជុំវិញបញ្ហានេះ ក្រុមវេជ្ជបណ្ឌិត បានព្រមានថា ប្រសិនបើរលកទី៣ នៃការឆ្លង COVID-19 ដែលបង្កឡើង ដោយវីរុសបំប្លែងថ្មី Omicron ពិតជាវាយប្រហារប្រទេសមែន គ្រឿងបរិក្ខារពេទ្យ អាចប្រើប្រាស់អស់យ៉ាងលឿនបំផុត៕