(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាំម៉ាត់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផ្នែកជំងឺបេះដូង (National Heart Institute) ក្នុងទីក្រុង គូឡាឡាំពួរហើយ នៅម៉ោង ១១៖៣០នាទីព្រឹក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ខាងមន្ទីរពេទ្យបានឱ្យដឹងថាលោក មហាធៀ ដែលបច្ចុប្បន្នមានអាយុ ៩៦ឆ្នាំ បានទទួលការត្រួតពិនិត្យសុខភាពដោយរករឃើញថា មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យតាមការគ្រោងទុក។ លោក មហាធៀ បានចូលសម្រាកត្រួតពិនិត្យសុខភាពក្នុងមន្ទីរពេទ្យតាំងតែពី ថ្ងៃទី១៦ ខែធ្នូកន្លងទៅនេះមកម្ល៉េះ ហើយលោកផ្ទាល់ និងភរិយាបានថ្លែងអំណរគុណដល់ប្រជាជនម៉ាឡេស៊ី ដែលបារម្ភពីសុខភាព និងបន់ស្រន់សម្រាប់លោក។ លោកត្រូវបានគេរាយការណ៍ថាធ្លាប់មានប្រវត្តិជំងឺបេះដូង និងទទួលការវះកាត់ផងដែរ។

គួរបញ្ជាក់ថា លោក មហាធៀ មហាំម៉ាត់ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី រយៈពេល ២២ឆ្នាំ រាប់ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ ហើយលោកបានត្រឡប់មក កាន់អំណាចជាថ្មីក្នុងនាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានវ័យ៩២ឆ្នាំ បន្ទាប់ពីគណបក្សចម្រុះរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៨ មុននឹងលោកលាលែងចេញពីតំណែងនៅខែកុម្ភៈ ឆ្នាំ២០២០៕