(ឡុងដ៍)៖ ការសិក្សាថ្មីចំនួន ២ទៀតនៅចក្រភពអង់គ្លេស បានរកឃើញថា វីរុស COVID-19 បំប្លែងថ្មី Omicron ប្រហែលជាមិនសូវបង្កភាពធ្ងន់ធ្ងរដូចជាវីរុស Delta ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

ការសិក្សាមួយដោយមហាវិទ្យាល័យ ICL ទីក្រុងឡុងដ៍ (Imperial College London) បានធ្វើការប៉ាន់ប្រមាណលើហានិភ័យ នៃការត្រូវចូលមន្ទីរពេទ្យសម្រាប់ ករណីឆ្លងវីរុស Omicron នៅប្រទេសអង់គ្លេស ហើយក៏បានរកឃើញថា អ្នកដែលឆ្លងវីរុសបំប្លែងថ្មីនេះ មានលទ្ធភាពត្រូវចូលមន្ទីរពេទ្យទាបជាង អ្នកដែលឆ្លងវីរុស Delta ចន្លោះប្រមាណជា ២០-៤០ភាគរយ។ ការសិក្សានោះ បានវិភាគទៅលើករណីឆ្លង Omicron ចំនួន ៥៦,០០០ករណី និងករណីឆ្លង Delta ចំនួន ២៦៩,០០០ករណី។

ចំណែកការសិក្សាដាច់ដោយឡែកមួយទៀត នៅប្រទេសស្កុតលែន ដោយក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ អេឌីនប៊ឺក (Edinburgh) រួមជាមួយ ក្រុមអ្នកជំនាញដទៃទៀត បានរកឃើញថា ហានិភ័យនៃការត្រូវចូលមន្ទីរពេទ្យ សម្រាប់អ្នកឆ្លង Omicron គឺទាបជាងអ្នកឆ្លង Delta ដល់ទៅជាង ៦០ភាគរយ។ ប៉ុន្តែការសិក្សានោះបានលើកឡើងថា ករណីឆ្លង Omicron ទាំងជិត ២៤,០០០ករណីនៅស្កុតលែន គឺកើតភាគច្រើនក្នុងចំណោមមនុស្សវ័យចន្លោះពី ២០-៣៩ឆ្នាំប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការសិក្សាថ្មីមួយនៅអាហ្រ្វិកខាងត្បូង ដែលទើបចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះ ក៏ឲ្យតំរុយដែរថា វីរុសបំប្លែងថ្មី Omicron ហាក់មិនសូវបង្កភាពកាចសាហាវនៅទីនោះទេ។ យ៉ាងណាក្តី អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ខ្លួនមិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីអាចកំណត់ឲ្យបានច្បាស់ថា តើ Omicron បង្កស្ថានភាពជំងឺខ្លាំងធ្ងន់ធ្ងរជាង Delta ដែរឬក៏អត់នៅឡើយទេ៕