(ប៉េកាំង)៖ កីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាពនិងសន្តិភាព នេះជាគំនិតឯកភាពរួមរបស់មនុស្សជាតិទាំងមូល ហើយក៏ជាគោលបំណងដើមនៃការបង្កើតការប្រកួតកីឡាគ្រប់ប្រភេទផងដែរ ។

ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងហើយថា កម្មវត្ថុនៃការបង្កើតការប្រកួតកីឡាអូឡាំពិកគឺ «សន្តិភាព មិត្តភាព វឌ្ឍនភាព» ដូច្នេះហើយបានជាអាចទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងការចូលរួមយ៉ាងសកម្ម ពីបណ្តាប្រទេសលើសកលលោក។ តែអ្វីដែលគួរឱ្យសោកស្តាយគឺថា មួយរយៈកាលកន្លងទៅនេះ អ្នកនយោបាយមួយចំនួននៃបស្ចិមប្រទេស បែរជាបានលាបពណ៌លើ «ភាពបរិសុទ្ធ» នៃកីឡាជាបន្តបន្ទាប់ ដោយយកកីឡាធ្វើជាឧបករណ៍កំដរឆាកល្ខោននយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីគុណតម្លៃរួមរបស់មនុស្សជាតិ និងការប្រឆាំងរបស់សហគមន៍អន្តរជាតិនោះឡើយ។

ជាការពិតណាស់ កីឡាអូឡាំពិកជាវេទិកាប្រកួតប្រជែងលំដាប់អន្តរជាតិ សម្រាប់អត្តពលិកនៃបណ្តាប្រទេសនានា សម្រេចក្តីសុបិនរបស់ខ្លួន។ សុភាសិតចិនមួយឃ្លាបានពោលថា៖ «លើឆាក១០នាទី ក្រោមឆាក១០ឆ្នាំ» គឺមានន័យថា ដើម្បីបានឡើងសម្តែងលើឆាក សិល្បករត្រូវលត់ដំហ្វឹកហាត់ខ្លួនយ៉ាងលំបាកលំបិន និងចំណាយពេលយ៉ាងយូរ។ យ៉ាងណាមិញ អត្តពលិកនៃបណ្តាប្រទេសដែលបានខិតខំហ្វឹកហាត់ទាំងថ្ងៃទាំងយប់ និងចំណាយពេលយូរខែយូរឆ្នាំ គឺក្នុងគោលបំណងបង្ហាញពីសមត្ថភាពរបស់ខ្លួន ដើម្បីប្រកួតប្រជែងដោយយុត្តិធម៌ជាមួយអត្តពលិកនៃប្រទេសនានា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលំដាប់ពិភពលោក នេះជាក្តីសុបិនរបស់ពួកគេ ហើយក៏ជាកម្លាំងចលករសម្រាប់ជំរុញ ឱ្យពួកគេស៊ូទ្រាំអត់ធ្មត់ក្នុងការហ្វឹកហាត់ដ៏លំបាក និងហត់នឿយផងដែរ។

កន្លងមក ការធ្វើនយោបាយធូបនីយកម្មបានក្លាយជាឧបករណ៍ សម្រាប់អ្នកនយោបាយមួយចំនួនតូចរបស់បស្ចិមប្រទេសប្រើសម្រាប់ ជាលេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឬឃោសនាបំប៉ោង ដើម្បីទម្លាក់កំហុសដល់អ្នកដទៃមកបិទបាំងពីភាពអសមត្ថភាព ភាពមិនទទួលខុសត្រូវឬបទឧក្រិដ្ឋរបស់ខ្លួន អមជាមួយការដាក់ទណ្ឌកម្មអ្នកនេះអ្នកនោះ ដោយគ្មានហេតុផល ដូចជាបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងជំងឺកូវីដ-១៩ជាដើម ដែលជារឿយៗពួកគេតែងបានប្រើនូវអ្វីដែលជា «ស្តង់ដា» របស់ខ្លួន ទៅដាក់កំហិតនិងគាបសង្កត់លើអ្នកដទៃ។

យ៉ាងណាមិញ ការធ្វើពហិការការទូតចំពោះការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង គ្រាន់តែជាឆាកល្ខោននយោបាយ ដែលសម្តែងដោយតួត្លុកមួយក្តាប់តូចតែប៉ុណ្ណោះ វាមិនអាចបំពុលបរិយាកាសប្រកបដោយសន្តិភាព មិត្តភាពនិងសាមគ្គីភាពរបស់មហាគ្រួសារអូឡាំពិកនោះឡើយ ពោលគឺបានត្រឹមតែត្រូវអ្នកផងសើចចំអក និងទុកជារឿងកំប្លែងមួយតែប៉ុណ្ណោះ ព្រោះថាប្រទេសចិនមានសមត្ថភាពពេញលេញ ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាដ៏អស្ចារ្យមួយលើក នេះជារឿងដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ។

អ្វីដែលគួររំលឹកគឺថា ស្ថិតក្រោមដំបូលសន្តិភាព ថ្នាក់ដឹកនាំនៃប្រទេសចិននិងកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍវិស័យកីឡា ពិសេសគឺកីឡាមហាជន ពោលគឺជានិច្ចកាលតែងតែបានជំរុញនិងលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋចូលរួមលេងកីឡានិងហាត់ប្រាណទាំងអស់គ្នា ដើម្បីពង្រឹងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត និងនាំមកនូវចំណងសាមគ្គីភាព និងភាតរភាព។

ជាការកត់សម្គាល់ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ប្រទេសកម្ពុជាដែលជាមិត្តដែកថែបរបស់ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួត SEA Game & Asean PARA Game ក្នុងឆ្នាំ២០២៣។ ចំណែកឯពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងសំខាន់សម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតនេះ ក៏បានលេចចេញជារូបរាងដ៏ខ្ពស់សន្លឹមឈរជង្គ្រឹង បង្អួតសម្រស់ដ៏ល្អផូរផង់ក្នុងរចនាបថប្រពៃណីខ្មែរ និងទំនើបទាន់សម័យ ប្រណមដៃរង់ចាំស្វាគមន៍អត្តពលិកជាតិសាសន៍ចម្រុះ និងភ្ញៀវកិត្តិយសគ្រប់មជ្ឈដ្ឋាន។

ការថែរក្សាការពារភាពបរិសុទ្ធនៃកីឡាដើម្បីកុំឱ្យត្រូវប្រឡាក់ប្រឡូក ដោយភាពស្មោកគ្រោកនៃឆាកល្ខោននយោបាយ ជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា។ ជាពិសេសគឺក្នុងបរិបទជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិគឺហាក់បីដូចជា គ្រឿងផ្សំសម្រាប់បន្ថែមរសជាតិជីវិតរបស់យើងគ្រប់គ្នា។ យ៉ាងណាមិញ ជាការឆ្លើយតបនឹងការទន្ទឹងរង់ចាំរបស់ប្រជាជនលើសកលលោក ជាពិសេសគឺអត្តពលិកនៃជាតិសាសន៍នានា ប្រទេសចិននិងកម្ពុជាអាចប្រកាសយ៉ាងឱឡារិកនិងពោរពេញដោយមោទនភាពថា៖

អូឡាំពិករដូវរងាឆ្នាំ២០២២, ក្រុងប៉េកាំងបានត្រៀមរួចហើយ !
ស៊ីហ្គេមឆ្នាំ២០២៣, ក្រុងភ្នំពេញបានត្រៀមរួចហើយ !

អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន