(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពី ការបំបែកកំណត់ត្រានៃអត្រាអ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេល១ថ្ងៃ ខណៈដែលក្រុមមន្ត្រីបានព្រមានថា វីរុសបំប្លែងថ្មី Omicron អាចនឹងក្លាយជាវីរុសដែលឆ្លងរីករាលដាលខ្លាំងបំផុត ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) អ្នកជំងឺ COVID-19 ចំនួន ១០៩នាក់បន្ថែមទៀត បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ៥,០១៥នាក់ ខណៈចំនួនអ្នកជំងឺសរុបដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក៏បានកើនឡើងដល់កម្រិតខ្ពស់ផងដែរ គឺ ១,០៨៣នាក់។

KDCA ក៏បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៩១៩នាក់បន្ថែមទៀតផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ៥៨៩,៩៧៨ករណី ក្នុងនោះករណីឆ្លងវីរុសបំប្លែងថ្មី Omicron បន្តកើនដល់ចំនួន ២៤៦ករណី។

គួរបញ្ជាក់ថា ភាគច្រើននៃករណីឆ្លងជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវបានបង្កឡើងដោយវីរុសបំប្លែងថ្មី Delta ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។ មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូង លោក លី សាងវ៉ុន (Lee Sang-won) បាននិយាយកាលពីដើមសប្តាហ៍នេះថា វាអាចទៅរួចដែលវីរុសបំប្លែងថ្មី Omicron នឹងក្លាយជាប្រភេទវីរុសដែលឆ្លងរីករាលដាលខ្លាំងបំផុតនៅប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលមួយ ឬពីរខែទៀត ពោលនៅក្នុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២៕