(ប៉េកាំង)៖ បន្ទាប់ពី «សម្ព័ន្ធ Five Eyes» ចេញផ្សាយអ្វីដែលហៅថាសេចក្តីថ្លែងការណ៍រួម ក្រុមប្រទេស G7 ក៏បានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃទី២០ ខែធ្នូ ផងដែរ ដើម្បីមួលបង្កាច់ការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី៧ នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន ដែលទើបបិទបញ្ចប់ដោយរលូនកាលពីថ្មីៗកន្លងទៅនេះ និងចោទប្រកាន់ថា កត្តាប្រជាធិបតេយ្យនៃតំបន់ហុងកុងកំពុងរង «ការបំផ្លាញ» ជាដើម។

ដោយឡែក ក្រសួងការបរទេសនិងក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ក៏បានបំផុសបំផុលរឿងនេះជាបន្តបន្ទាប់ ដែលក្រសួងការបរទេសអាមេរិកបានប្រគល់អ្វីដែលហៅថា របាយការណ៍ស្តីពី «ច្បាប់ស្វ័យតនៃតំបន់ហុងកុងថ្មីបំផុត» ទៅឱ្យរដ្ឋសភាអាមេរិក រីឯក្រសួងហិរញ្ញវត្ថុអាមេរិកវិញបានអនុវត្ត អ្វីដែលហៅថា ការដាក់ទណ្ឌកម្មម្តងទៀតទៅលើមន្ត្រីចិន៥រូប។

អ្វីដែលហៅថាសេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 និងអ្វីដែលហៅថា របាយការណ៍នៃក្រសួងការបរទេសអាមេរិក សុទ្ធតែបាននិយាយពាក្យជ្រាំដែលសាចុះសាឡើង វាគ្មានអ្វីថ្មីនោះទេ។ ក្រុមប្រទេស G7 បានវាយប្រហារទៅលើរបបបោះឆ្នោតថ្មីនៃតំបន់ហុងកុងថា «បានដាក់កំហិតលើការជ្រើសរើសសន្លឹកឆ្នោត» ដោយយក «ប្រជាធិបតេយ្យ» ធ្វើជាលេស នេះជាការបរិហារកេរ្តិ៍ដ៏អាក្រក់ទាំងស្រុង ។

អ្នកស្នេហាជាតិធ្វើការងារគ្រប់គ្រងនៅក្នុងតំបន់ជា ក្រមសីលធម៌នយោបាយជាមូលដ្ឋាន ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ដូច្នេះ «អ្នកស្នេហាជាតិគ្រប់គ្រងតំបន់ហុងកុង» ជាខ្លឹមសារដែល «ប្រទេសមួយអនុវត្តប្រព័ន្ធពីរ» គួរតែមាន។ ក្នុងការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃតំបន់ហុងកុងលើកនេះ បេក្ខជនឈរឈ្មោះសុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយមកពីគ្រប់មជ្ឈដ្ឋាន គ្រប់សមាគមនិងគ្រប់ស្រទាប់ទាំងអស់។ ពួកគេបានធ្វើការជជែកពិភាក្សាយ៉ាងសស្រាក់សស្រាំ ជុំវិញប្រធានបទស្តីពីជីវភាពរស់នៅរបស់ប្រជាជននិងសេដ្ឋកិច្ចជាដើម ពោលគឺបានធ្វើការជជែកពិភាក្សាដោយសមហេតុផល។ ដូច្នេះ ប្រការនេះបានលាតត្រដាងនូវពាក្យកុហកអំពី អ្វីដែលហៅថា របបបោះឆ្នោតថ្មី «បានបង្ក្រាបប្រជាធិបតេយ្យ»។

តាមការពិត បើនិយាយអំពី «ការបង្ក្រាបប្រជាធិបតេយ្យ» នេះគឺជាទង្វើរបស់អង់គ្លេសដែលបានធ្វើអាណានិគម នៅតំបន់ហុងកុងអស់រយៈពេលជាង១៥០ឆ្នាំកន្លងមក។ ដូចសៀវភៅសក្រោមចំណងជើងថា «ការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុងក្រោមរបប “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”» ដែលចេញផ្សាយដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន កាលពីថ្ងៃទី២០ ខែធ្នូ បានលើកឡើងថា តំបន់ហុងកុងដែលស្ថិតនៅក្រោមអាណានិគមរបស់អង់គ្លេស គឺគ្មានប្រជាធិបតេយ្យអ្វីទេ។

បន្ទាប់ពីរដ្ឋាភិបាលចិនមានអធិបតេយ្យភាពជាថ្មីឡើងវិញនៅតំបន់ហុងកុង រដ្ឋាភិបាលចិនបានអនុវត្តគោលការណ៍ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» នៅតំបន់ហុងកុង ហើយបានបង្កើតរបបប្រជាធិបតេយ្យ នៃតំបន់រដ្ឋបាលពិសេសហុងកុង ព្រមទាំងផ្តល់ការគាំទ្រដើម្បីធ្វើឱ្យរបបនេះ ទទួលបានការអភិវឌ្ឍនិងមានសុក្រឹតភាពជាបន្តបន្ទាប់ ក្នុងការអនុវត្តជាក់ស្តែង។ ការពិតជាក់ស្តែងបានបញ្ជាក់ថា រដ្ឋាភិបាលមជ្ឈិមចិនជាអ្នកដឹកនាំ អ្នកគាំទ្រនិងអ្នកជំរុញដ៏តឹងរ៉ឹងចំពោះ ការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុងជារៀងរហូត។

សបញ្ជាក់ឱ្យឃើញថា ពី «សម្ព័ន្ធ Five Eyes» ដល់ក្រុមប្រទេស G7 សុទ្ធតែដឹងច្បាស់ណាស់ តែធ្វើពុតជាមិនដឹងមិនឮ។ ពួកគេធ្វើការដាក់ទណ្ឌកម្មយ៉ាងគឃ្លើន តែមិនអាចបំភ័យដល់ប្រជាជនចិននោះទេ គ្រាន់តែនឹងនាំឱ្យពិភពលោកកាន់តែឃើញច្បាស់ នូវមុខមាត់ពិតប្រាកដដែលប្រឆាំងលិទ្ធិប្រជាធិបតេយ្យ និងប៉ុនប៉ងធ្វើឱ្យតំបន់ហុងកុងមានភាពចលាចល។

បច្ចុប្បន្ននេះ ប្រជាធិបតេយ្យប្រកបដោយលក្ខណៈពិសេសនៃតំបន់ហុងកុង បានរីកចម្រើនយ៉ាងផុលផុស ហើយការអនុវត្តគោលនយោបាយ និងអភិបាលកិច្ចដ៏ល្អប្រសើរ ក៏បានបើកទំព័រថ្មីផងដែរ។ នៅចំពោះមុខនិន្នាការប្រវត្តិសាស្ត្រ ដែលឆ្ពោះទៅមុខឥតឈប់ឈរ រាល់ការប៉ុនប៉ងដែលចង់រារាំងដំណើរការអភិវឌ្ឍ លិទ្ធិប្រជាធិបតេយ្យនៃតំបន់ហុងកុង សុទ្ធតែអត់ប្រយោជន៍និងទទួលបរាជ័យជាមិនខាន!