(ហ្សឺណែវ)៖ មន្រ្តីជាន់ខ្ពស់ម្នាក់របស់ WHO បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា អង្គការសុខភាពពិភពលោក នៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់នៅឡើយទេ ដើម្បីអាចកំណត់ឲ្យប្រាកដថាតើ វីរុស COVID-19 បំប្លែងថ្មី Omicron មានសមត្ថភាពកាចសាហាវជាងវីរុសបំប្លែងខ្លួន Delta ដែរឬអត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី ម៉ារៀរ វ៉ាន់ ឃឺកូហ្វ (Maria van Kerkhove) ប្រធានបច្ចេកទេសពាក់ព័ន្ធ COVID-19 របស់អង្គការ WHO បានព្រមានប្រឆាំង នឹងការសន្និដ្ឋានឆាប់រហ័សពេកអំពី Omicron ដោយផ្អែកទៅលើទិន្នន័យបឋមៗ ដោយសារតែពួកយើងមិនទាន់បានឃើញ វីរុស COVID-19 បំប្លែងថ្មីចុងក្រោយគេនេះ ឆ្លងរាតត្បាតបានរយៈពេលយូរគ្រប់គ្រាន់ នៅជុំវិញពិភពលោកនៅឡើយទេ ជាពិសេសក្នុងចំណោមក្រុមអ្នកងាយរងហានិភ័យ។

លោកស្រី ឃឺកូហ្វ បានបន្ថែមថា ទិន្នន័យស្តីពីវីរុសបំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញដំបូងនៅប្រទេសអាហ្រ្វិកខាងត្បូង កាលពីខែវិច្ឆិកាកន្លងទៅ គឺនៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ដើម្បីអាចយកទៅប្រៀបធៀបឲ្យបានច្បាស់ពីភាពធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសបំប្លែងថ្មីនេះ ហើយនិងវីរុស Delta ស្របពេលដែលប្រទេសផ្សេងៗ កំពុងបន្តរាយការណ៍ពីការរកឃើញករណីឆ្លងដំបូងៗ ក៏ដូចជាការរាតត្បាតរបស់វា។

យ៉ាងណាក្តី ការសិក្សាថ្មីមួយនៅអាហ្រ្វិកខាងត្បូង ដែលទើបចេញផ្សាយកាលពីថ្ងៃពុធសប្តាហ៍នេះ បានរកឃើញថា អ្នកដែលឆ្លងវីរុស Omicron គឺមានលទ្ធភាពទាបគួរឲ្យកត់សម្គាល់ ក្នុងការធ្លាក់ខ្លួនឈឺរហូតត្រូវចូលមន្ទីរពេទ្យ បើធៀបជាមួយអ្នកដែលឆ្លងវីរុស Delta ដែលក្រុមអ្នកស្រាវជ្រាវនៃការសិក្សានោះ បានលើកហេតុផលថា វាប្រហែលអាចមកពីកម្រិតប្រព័ន្ធភាពស៉ាំខ្ពស់ ក្នុងចំណោមប្រជាជននៅអាហ្រ្វិកខាងត្បូង៕