(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) ដែលជាអ្នកជំនាញកំពូលផ្នែកជំងឺ នៃសហរដ្ឋអាមេរិកបានលើកឡើងថា ជនជាតិអាមេរិកាំងទាំងឡាយ ដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ និងដូសជំរុញបន្ថែមទៀតនោះ គឺអាចជួបជុំក្នុងក្រុមគ្រួសារពួកគេបាន នៅថ្ងៃឈប់សម្រាកខាងមុខនេះ, ប៉ុន្តែសម្រាប់ការជួបជុំកកកុញ នៅតាមកម្មវិធីខាងក្រៅ នឹងមិនមានសុវត្ថិភាពនោះឡើយ បើទោះបីជាពួកគេបានចាក់់វ៉ាក់សាំង «ដូសជំរុញ» រួចហើយក្តី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបនានាត្រូវបានគេមើលឃើញថា កំពុងធ្វើដំណើរឆ្ពោះទៅរកការប្រារព្ធបុណ្យណូអែលឆ្លងឆ្នាំ ជាមួយនឹងជំងឺ COVID-19 រាតត្បាតធ្ងន់ធ្ងរជាលើកទី ២ គិតចាប់តាំងពីឆ្នាំ២០២០ ខណៈបច្ចុប្បន្ននេះ សន្ទុះនៃការឆ្លងរាតត្បាតវីរុស Omicron កំពុងតែមានសភាពខ្លាំងក្លាជាង Delta ទៅទៀត បើទោះបីជាករណីស្លាប់ដោយសារវីរុសថ្មីនេះ នៅមានកម្រិតទាបក៏ដោយ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនបានដាក់ការរឹតត្បិត ចំពោះផែនការប្រារព្ធពិធីធំៗ ក្នុង ឱកាសបុណ្យឆ្លងឆ្នាំឆាប់ៗខាងមុខនេះឡើយ ដោយគ្រាន់តែរដ្ឋាភិបាលលោក ចូ បៃដិន និងក្រុមជំនាញកំពូលៗផ្នែកសុខាភិបាល បាននិងកំពុងព្យាយាមជំរុញឲ្យប្រជាជន ដែលគ្រប់លក្ខខណ្ឌត្រូវទទួលការចាក់វ៉ាក់សាំងនោះ ប្រញាប់រួសរាន់ទៅទទួលការចាក់ឲ្យបានពេញលេញ និងចាក់ដូសជំរុញបន្ថែមទៀត ដើម្បីបង្កើនការការពារទប់ទល់នឹង Omicron។

បើតាមលោក Anthony Fauci ទោះបីជាលទ្ធផលសិក្សាស្រាវជ្រាវបឋម នៅប្រទេសអាហ្វ្រិកខាងត្បូងបានបង្ហាញថា វីរុសបំប្លែងថ្មី Omicron មិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុស Delta ក៏ដោយ ក៏ប្រជាជនអាមេរិកទាំងឡាយ ត្រូវតែបង្កើនការប្រុងប្រយ័ត្នមិនអាចខ្វះបានដែរ។ នៅថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកបានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 រហូតដល់ទៅជាង ២០០,០០០នាក់ក្នុងរយៈពេល ២៤ម៉ោង ហើយភាគច្រើនបំផុត គឺបង្កឡើងដោយមេរោគ Omicron៕