(ប៊ែរឡាំង)៖ ឯកអគ្គរដ្ឋរុស្ស៊ីប្រចាំសហភាពអឺរ៉ុប លោក វ៉្លាឌីមៀរ ឈីហ្សូវ (Vladimir Chizhov) បានអះអាងថា ប្រទេសរបស់លោកមិនមានផែនការ ឬកំពុងត្រៀមលក្ខខណៈណាមួយ ដើម្បីប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងអ៊ុយក្រែននោះទេ បន្ទាប់ពីទីក្រុងម៉ូស្គូ ត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

លោក Vladimir Chizhov បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតអាល្លឺម៉ង់ ឌី វែលត៍ (Die Welt) នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីចង់ការពារប្រជាជនដែលនិយាយភាសារុស្ស៊ី និងជនរួមជាតិដែលកំពុងរស់នៅក្នុងប្រទេសដទៃ ប៉ុន្តែទីក្រុងម៉ូស្គូមិនដែលនិយាយថា ខ្លួនមានបំណងប្រើកម្លាំងយោធា ប្រឆាំងនឹងប្រទេសណាមួយឡើយ។

អគ្គរដ្ឋទូតរុស្ស៊ីរូបនេះបានបន្ថែមទៀតថា រុស្ស៊ីមិនមានផែនការណាមួយ ដើម្បីបើកការវាយប្រហារលើប្រទេសដទៃនោះទេ ហើយលោកអាចធានាបានថា កងទ័ពរុស្ស៊ីក្នុងពេលបច្ចុប្បន្ន ក៏មិនមែនកំពុងត្រៀមលក្ខណៈ ឈ្លានពានប្រទេសអ៊ុយក្រែននោះដែរ។

គួរបញ្ជាក់ថា ការកត់សម្គាល់ខាងលើរបស់លោក Vladimir Chizhov បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីគ្មានហេតុផលអ្វីត្រូវដកថយ ចេញពីភាពតានតឹងជាមួយសហរដ្ឋអាមេរិក ជុំវិញវិបត្តិអ៊ុយក្រែននោះឡើយ ហើយមិនតែប៉ុណ្ណោះលោកក៏បានព្រមានផងដែរ ពីលទ្ធភាពក្នុងការប្រើប្រាស់កម្លាំង ឆ្លើយតបទៅនឹងរាល់សកម្មភាពអមិត្ត របស់បណ្ដាប្រទេសលោកខាងលិច៕